ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បាទទួលជួបពិភាក្សាជាមួយសហព័ន្ធមេធាវីជប៉ុន

នៅរសៀលថ្ងៃអង្គារ ០៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បាទទួលជួបពិភាក្សាជាមួយសហព័ន្ធមេធាវីជប៉ុន ប្រព្រឹត្តនៅគណៈមេធាវីកម្ពុជា លើគម្រោង “ការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌“ ដែលមានរបៀបវារៈដូចខាងក្រោម៖

- គម្រោង និងគោលការណ៍ លើគម្រោងកិច្ចសហប្រតិបត្តិការ
- ពេលវេលាលើការអនុវត្តគម្រោង
- ស្ថានភាពបច្ចុប្បន្នលើសិទ្ធិទទួលបានយុត្តិធម៌ នៅប្រទេសកម្ពុជា
- ការពិភាក្សាលម្អិតទៅលើសកម្មភាពគម្រោង
- សន្និសិទអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅ ខែមិថុនា

នៅក្នុងកិច្ចពិភាក្សានេះ សមភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នាទៅវិញទៅមក លើគម្រោង “ ការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ “ និងការអនុវត្តនៅកម្ពុជាដែលគណៈមេធាវីបានធ្វើកន្លងមក។

ចុងក្រោយនៃកិច្ចពិភាក្សានេះឯកឧត្តមប្រធានគណៈមេធាវី បានឯកភាពទទួលយកសំណើរបស់សហព័ន្ធមេធាវីជប៉ុនដើម្បីយកទៅពិចារណា និងដាក់នៅក្នុងសេចក្តីព្រាងចុះអនុស្សារណៈយោគយល់រវាងគណៈមេធាវីកម្ពុជា និងសហព័ន្ធមេធាវីជប៉ុន ដើម្បីចុះហត្ថលេខានាពេលអនាគត។