ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គណៈប្រតិភូ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
នៅព្រឹកថ្ងៃអង្គារ ០២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គណៈប្រតិភូ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដឹកនាំដោយលោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌល និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីចូលជួបសំដែងការគួរសម អបអរសាទរការចូលកាន់តំណែងរបស់លោកប្រធានគណៈមេធាវី និងពិភាក្សាការងារទាក់ទងនឹងតួនាទីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
ការពិភាក្សាផ្តោតលើកម្មវត្ថុចំនួន៣ និងទទួលបានការឯកភាពគ្នាដូចខាងក្រោម៖
១- ឯកឧត្តមប្រធានគណៈមេធាវីបានស្វាគមន៍ការពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាល ការរៀបចំជាសិក្ខាសាលា និងការធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលទាំងនេះជាចំណុចសំខាន់ និងស្របតាមគោលនយោបាយរបស់ឯកឧត្តមប្រធានគណៈមេធាវី ក្នុងការពង្រឹងបន្ថែមនូវជំនាញរបស់មេធាវី ជាពិសេស ក្នុងវិស័យមជ្ឈត្តការ ដើម្បីចូលរួមតំណាងឲ្យភាគីនៅក្នុងដំណើរការនៃមជ្ឈត្តការ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស។
២- ឯកឧត្តមប្រធានគណៈមេធាវីបានគាំទ្រដល់ការជំរុញឲមានការប្រើប្រាស់សេវាដោះស្រាយវិវាទរបស់មជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងការរៀបចំឲមានការប្រកួតប្រជែងមជ្ឈត្តការប្រឌិត សម្រាប់សិស្សនិងនិស្សិតកម្ពុជា។
៣- ឯកឧត្តមប្រធានគណៈមេធាវីបានឯកភាពលើការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សា និងរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្នុងទិសដៅពង្រឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឲមានប្រសិទ្ធភាព និងនិរន្តរភាព។
ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសរីករាយ យោគយល់ និងមានការទទួលខុសត្រូវខ្ពស់។