ជំនួបពិភាក្សារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke
ជំនួបពិភាក្សារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke
================================================
នៅរសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ
ជាមួយលោកស្រី Qingzhu Xu តំណាងក្រុមហ៊ុនមេធាវី Yingke ដែលជាក្រុមហ៊ុនមេធាវីមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។
ការពិភាក្សាផ្តោតលើកម្មវត្ថុសំខាន់ៗ ដូចខាងក្រោម៖
១- លោកស្រី Qingzhu Xu បានបង្ហាញអំពីគម្រោងមកបង្កើតក្រុមហ៊ុនមេធាវីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសាកសួរព័ត៌មានពាក់ព័ន្ធនឹងការបើកក្រុមហ៊ុនមេធាវី និងស្វែងយល់ពីផ្លូវច្បាប់នៅកម្ពុជា។
២- ឯកឧត្តមប្រធានគណៈមេធាវីបានថ្លែងអំណរគុណចំពោះភាគីខាងក្រុមហ៊ុនមេធាវី Yingke ដែលមានបំណងមកប្រកបវិជ្ជាជីវៈមេធាវី ក៏ដូចជាការបើកក្រុមហ៊ុនមេធាវីស្របច្បាប់នៅកម្ពុជា។ ឯកឧត្តមប្រធានគណៈមេធាវីក៏បានបញ្ជាក់ជូនលោកស្រី Qingzhu Xu អំពីខ្លឹមសារនៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងសេចក្តីសម្រេចរបស់គណៈមេធាវី លេខ០០៤/សសគម/១៦ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេស ទាក់ទងនឹងទម្រង់បែបបទនៃក្រុមហ៊ុនមេធាវីបរទេសដែលមានបំណងមកធ្វើសកម្មភាពផ្នែកច្បាប់នៅកម្ពុជា។
៣- តាមការស្នើសុំរបស់ឯកឧត្តមប្រធានគណៈមេធាវី លោកស្រី Qingzhu Xu បានឯកភាពក្នុងការចែករំលែកជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុនមេធាវី Yingke ក្នុងការគ្រប់គ្រងក្រុមហ៊ុនមេធាវី និងការគ្រប់គ្រងសំណុំរឿង ជូនដល់មេធាវីកម្ពុជា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke នឹងមានជំនួបពិភាក្សាបន្តបន្ទាប់ទៀត ដើម្បីរៀបចំកិច្ចព្រមព្រៀងសហការជាមួយគ្នា។
ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសនៃការយោគយល់ និងមានការទទួលខុសត្រូវខ្ពស់។