សេចក្តីថ្លែងការណ៍
សេចក្តីថ្លែងការណ៍
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន
ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់វិជ្ជាជីវៈ។
កន្លងមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើបណ្តឹងដែលប្តឹងចំពោះសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ ការឃាត់ខ្លួនមេធាវីដែលបានតំណាងកូនក្តីក្នុងការចរចានិងអមកូនក្តី ការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវីនិងកូនក្តី ការប្តឹងមេធាវីពីបទគំរាមកំហែងហែកកេរ្តិ៍ចំពោះការតាក់តែងលិខិតជូនដំណឹងក្នុងនាមមេធាវីតំណាងដោយអាណត្តិ ការប្តឹងមេធាវីពីបទញុះញង់ចំពោះការផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។ល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមេត្តាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវី មុននឹងចាត់ការលើការប្តឹងមេធាវីណាមួយ។ ក្នុងករណីរកឃើញថា ការប្តឹងនោះកើតចេញពីការប្រកបវិជ្ជាជីវៈរបស់មេធាវី សូមមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មាន ឬបញ្ជូនបណ្តឹងនោះមកគណៈមេធាវី ដើម្បីដោះស្រាយតាមវិធានវិជ្ជាជីវៈ ជាសមត្ថកិច្ច ដូចដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងមាត្រា ១៩ និងមាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
ឆ្លៀតក្នុងឪកាសនេះដែរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់មេធាវីទាំងអស់ នៅពេលប្រកបវិជ្ជាជីវៈមេធាវី ត្រូវគោរពច្បាប់និងក្រមសីលធម៌មេធាវីឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ មេធាវីដែលត្រូវបានគេប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬមេធាវីដែលបានដឹងអំពីការប្តឹងមេធាវីណាមួយ សូមផ្តល់ព័ត៌មាននេះមកគណៈមេធាវីជាបន្ទាន់ ដើម្បីគណៈមេធាវីមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យលើផ្លូវច្បាប់ ស្វែងរកព័ត៌មានបន្ថែម និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។