នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី
នៅថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី
ដែលមានលំនៅដ្ឋាន ក្នុងខណ្ឌសែនសុខ ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យ សេនា ទៀ បាញ់ ជាអ្នកទទួលបន្ទុកចាក់វ៉ាក់សាំង។
យុទ្ធនាការនេះមានរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ដោយអ្នកបានមកទទួលចាក់វ៉ាក់សាំង សរុបទាំងអស់មានចំនួន ៣៤៦២នាក់ ដោយក្នុងនោះមាននារីចំនួន ១៥៥៩នាក់ និងបុរស ១៩០៣។
ការចាក់វ៉ាក់សាំងនេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ការវាស់កម្តៅ ការវាស់សម្ពាធឈាម ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ការចុះទិន្នន័យ ទីតាំងប្រកបដោយអនាម័យ និងការសម្លាប់មេរោគ។ល។ ជាពិសេស គឺអនុវត្តតាមវិធានការ ៣ កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ តំណាងក្រសួងសុខាភិបាលតែងតែមកត្រួតពិនិត្យជាប្រចាំនៅទីតាំងចាក់វ៉ាក់សាំងនេះ។
នៅក្នុងឱកាសនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏ដូចជាចំពោះមេធាវី ហើយឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា និងលះបង់កំលាំងកាយចិត្ត មកជួយចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ ហើយឯកឧត្តមក៏ផ្តល់គ្រឿងឧបភោបរិភោគមួយចំនួនជូនក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា។
នៅពេលបញ្ចប់យុទ្ធនាការនេះ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងក្រុមការងារគណៈមេធាវីទាំងអស់ ដែលបង្កលក្ខណៈងាយស្រួល និងទទួលយ៉ាងរ៉ាក់ទាក់ដល់ក្រុមគ្រូពេទ្យទាំងអស់ ហើយក៏បានវាយតម្លៃខ្ពស់ដល់ការរៀបចំទីតាំងសម្រាប់យុទ្ធនាការនេះផងដែរ។