កម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៨ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៨ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពី «វិជ្ជាជីវៈមេធាវីក្នុងសង្គម» របស់សិស្សមេធាវីជំនាន់ទី១៨ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដោយមានវត្តមានចូលរួមដោយលោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកអភិបាលស្រុកស្ទឹងហាវ លោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ លោកអធិការនគរបាលស្រុកស្ទឹងហាវ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទឹងហាវ និងមន្រ្តីសាលាស្រុកមួយចំនួន ព្រមទាំងប្រជាពលរដ្ឋចំនួន ៩០នាក់ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានជម្រាបអំពីគោលបំណងនៃកម្មវិធី និងថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជាវ វិជ្ជាក់ អភិបាលរង និងមន្រ្តីសាលាស្រុកស្ទឹងហាវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្រួលក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់របស់សិស្សមេធាវីជំនាន់ទី១៨ និងបានណែនាំឱ្យសិស្សមេធាវីទាំងអស់ យកចិត្តទុកដាក់ ប្រឹងប្រែងបញ្ចេញសមត្ថភាពក្នុងការធ្វើបទបង្ហាញអំពីប្រធានបទនីមួយៗ និងសំណូមពរឱ្យសិស្សមេធាវីទាំងអស់ចូលរួមក្នុងការងារសង្គម និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការរាយការណ៍អំពីវឌ្ឍនភាពការងារ និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ ឯកឧត្តមអភិបាល លោកអភិបាលរង លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកអធិការនិងមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទឹងហាវ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ទាំងអស់ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN!