ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីគោរពទូលថ្វាយអំពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងវឌ្ឍនភាពការងាររបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីគោរពទូលថ្វាយអំពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងវឌ្ឍនភាពការងាររបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងព្រះរាជឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទាននូវព្រះរាជសព្វសារធុការពរជ័យ ដល់ ឯកឧត្តមប្រធាន និងគណៈប្រតិភូគណៈមេធាវី ព្រមទាំងព្រះរាជប្រទាននូវព្រះរាជឱវាទ ចំនួន២ ដល់គណៈមេធាវី គឺៈ ១.គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីទុកចិត្តរបស់ប្រជារាស្រ្ត ត្រូវបន្តខិតខំអនុវត្ត និងបំពេញការងារប្រកបដោយយុត្តិធម៌ មានសីលធម៌វិជ្ជាជីវៈស្អាតស្អំបំផុត ថែមទៀត ដេីម្បីបម្រេីប្រទេសជាតិ និងប្រជារាស្រ្តកម្ពុជា ឱ្យបានសមស្របតាមប្រព័ន្ធច្បាប់ជាធរមាន។ ២.សូមជួយផ្សព្វផ្សាយឯកសារច្បាប់នានា ឱ្យបងប្អូនប្រជារាស្រ្តមានការយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ក៏បានកោតសរសេីរ និងអរគុណឯកឧត្តម លី ច័ន្ទតុលា ដែលបានដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកមានសកម្មភាពខ្លាំងខ្លា ទទួលបានការរីកចម្រេីន និងទទួលបានការជោគជ័យថ្មីៗបន្ថែមទៀត។ ការក្រាបទូលថ្វាយអំពីរបាយការណ៍ការងារនេះ ប្រារព្ធធ្វេីនៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!