ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
នាថ្ងៃសៅរ៍ ៧កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន ដែលប្រារព្ធធ្វេីនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួនទាក់ទងនឹង សកម្មភាពឆ្នាំ២០២៣ របស់សមាគមច្បាប់អាស៊ាន និងអនាគតរបស់សមាគមច្បាប់អាស៊ានរួមមាន ដំណើការទៅមុខ និងរបៀបរបបការងារនៃក្រុមការងារជំនាញរបស់សមាគម លទ្ធភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាន និងកិច្ចសហការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការរួមចំណែកជាវិជ្ជមានដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តការដឹកនាំប្រកបដោយគតិបណ្ឌិតបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ បន្ថែមពីនេះ ទៀត ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញារបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការចូលរួមរាល់សកម្មភាពនានារបស់សមាគម ជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹង និងយកចិត្តទុកដាក់ក្នុងការជ្រើសរើសនិស្សិតដើម្បីចូលរួមប្រកួត និងការចាត់តាំងសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីធ្វើជាគណៈកម្មការក្នុងការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាននាឆ្នាំនេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការ ចូលរួមជាធាតុចូលយ៉ាងសកម្មពីបណ្តាប្រធានគណៈកម្មាធិការជាតិនីមួយ ៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ គឺជាកិច្ចប្រជុំដ៏សំខាន់មួយក្នុងចំណោមកិច្ចប្រជុំផ្សេងទៀតដោយក្នុងនោះ នៅមានមហាសន្និបាតលើកទី១៤ និងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ ក្រោមប្រធានបទ “ASEAN TAPESTRY – OUR PRIDE” ដែលប្រកាន់យកនូវភាពសម្បូរបែបនៃទិដ្ឋភាពប្រវត្តិសាស្រ្ត វប្បធម៌ និងច្បាប់ រវាងប្រទេសសមាជិកនៃសមាគមអាស៊ាន។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ នាឆ្នាំក្រោយ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!