ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមេធាវីវៀតណាម (Viet Nam Lawyers’ Association) និងសមាគមច្បាប់អាស៊ានវៀតណាម (ALA...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមេធាវីវៀតណាម (Viet Nam Lawyers’ Association) និងសមាគមច្បាប់អាស៊ានវៀតណាម (ALA Viet Nam) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមេធាវីវៀតណាម (Viet Nam Lawyers’ Association) និងសមាគមច្បាប់អាស៊ានវៀតណាម (ALA Viet Nam) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីមានមតិស្វាគមន៍គណៈប្រតិភូវៀតណាម ឯកឧត្តមប្រធាន បានជម្រាបជូនភ្ញៀវកិត្តិយសដោយសង្ខេបអំពីសវតា និងបេសកកម្មជាសារវន្តរបស់ស្ថាប័នគណៈមេធាវី តួនាទីស្នូលរបស់មេធាវីក្នុងវិស័យយុត្តិធម៌ និងការចូលរួមរបស់គណៈមេធាវីក្នុងកិច្ចការកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយនោះផងដែរ ឯកឧត្តមប្រធាន ក៏បានលើកឡើងពីប្រវត្តិ និងសកម្មភាពនានារបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយសកម្មភាពរបស់សមាគមច្បាប់អាស៊ានរបស់បណ្តាលប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគីរបស់ស្ថាប័នទាំងពីរគឺ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមមេធាវីវៀតណាម។ ឯកឧត្តមប្រធាន បានលើកឡើងពីលទ្ធភាពនៃការពង្រីកទំនាក់ទំនងរវាងស្ថាប័នទាំងពីរតាមរយៈការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាលទៅវិញទៅមក ការរៀបចំសិក្ខាសាលារួមគ្នា និងកម្មវិធីទស្សនកិច្ចសិក្សានានាដើម្បីស្វែងយល់ពីក្របខណ្ឌនៃការពង្រឹងការអនុវត្តច្បាប់ និងចែករំលែកបទពិសោធន៍ល្អរវាងគ្នាជាដើម។ ឯកឧត្តមបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង បានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចដ៏កក់ក្តៅនេះ និងបានជម្រាបជូនដោយសង្ខេបជាអាទិ៍ថា សមាគមមេធាវីវៀតណាមត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៥ ដែលបច្ចុប្បន្នមានសមាជិកប្រមាណជាង ៨០,០០០ នាក់ដែលមានសមាសភាពជាមេធាវី ចៅក្រម រដ្ឋអាជ្ញា និងសាស្ត្រាចារ្យច្បាប់ជាដើម ហើយមានរចនាសម្ព័ន្ធតាំងពីថ្នាក់កណ្តាលដល់មូលដ្ឋានដោយមានតំណាងនៅគ្រប់ខេត្ត ស្រុក ខណ្ឌនៃអាជ្ញាធរដែនដីវៀតណាម។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតមានអំណរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាជាពិសេសវិស័យច្បាប់និងនីតិរដ្ឋ និងគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងស្ថាប័នទាំងពីរឱ្យកាន់តែជិតស្និទ្ធតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាជាដើម។ ឯកឧត្តមប្រធានសមាគមមេធាវីវៀតណាមក៏បានគោរពអញ្ជើញប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនៈកិច្ចការងារនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ។ ជាចុងក្រោយឯកឧត្តមបណ្ឌិតក៏បានឆ្លើយតបជាវិជ្ជមាននិងបញ្ជាក់អំពីការបញ្ជូនកីឡាករវាយសីក្នុងចំណោមមេធាវីវៀតណាម ដើម្បីចូលរួមការប្រកួតវាយសីលក្ខណៈមិត្តភាពអន្តរជាតិនៅកម្ពុជាដែលគ្រោងនឹងរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅត្រីមាសទី៣ ឆ្នាំ២០២៤ខាងមុខនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!