ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងគណៈប្រតិភូ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងគណៈប្រតិភូ
នារសៀលថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (ការិយាល័យ OHCHR) និងគណៈប្រតិភូ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ មុនជំនួបពិភាក្សា ឯកឧត្តមប្រធានបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញអំពីសាលសវនាការត្រាប់ និងជម្រាបជូនអំពីសាវតានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកស្រី រួអេដា អិល ហាច និងគណៈប្រតិភូ។ ក្នុងឱកាសជំនួបពិភាក្សាការងារ ឯកឧត្តមប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកស្រីតំណាងការិយាល័យ OHCHR ដែលបានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ដែលបានប្រព្រឹត្តទៅកាលពីខែឧសភាកន្លងទៅនេះ និងបន្តឱ្យមានជំនួបនាថ្ងៃនេះដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លោកស្រីតំណាងការិយាល័យ OHCHR បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តមប្រធាន និងបានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធាន ក៏ដូចជាគណៈមេធាវីទាំងមូលដែលបានរៀបចំសន្និសីទអន្តរជាតិស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ដ៏ជោគជ័យ ដែលផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធបានជ្រាបច្បាស់អំពីសមិទ្ធផលដ៏ច្រើនដែលគណៈមេធាវីសម្រេចបានកន្លងមកក្នុងការផ្តល់ជំនួយផ្នែកច្បាប់។ បន្ទាប់ពីបានជម្រាបអំពីសាវតានិងកិច្ចសហប្រតិបត្តិការរបស់ការិយាល័យ OHCHRនៅកម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ លោកស្រីតំណាងការិយាល័យ OHCHRក៏បានផ្តួចផ្តើមពិភាក្សាអំពីលទ្ធភាពក្នុងការសហការរវាងស្ថាប័នទាំងពីរលើការងារ ១) រួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារតាមរយៈការផ្តល់ជំនួយផ្នែកច្បាប់, ២) អញ្ជើញឯកឧត្តមប្រធានចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនាពេលខាងមុខដែលសហការរៀបចំជាមួយ ការិយាល័យUNESCOនៅកម្ពុជា, ៣) សហការរៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ជូនមេធាវី, និង ៤) ការគាំទ្រផ្នែកបច្ចេកទេសនិងឯកសារលិខិតបទដ្ឋានគតិយុត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ជាការឆ្លើយតប ឯកឧត្តមប្រធានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់លោកស្រីតំណាងការិយាល័យ OHCHR ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដែលរួមចំណែកក្នុងការផ្តល់ជំនួយផ្នែកច្បាប់ និងផ្សព្វផ្សាយអំពីច្បាប់ជាតិ អន្តរជាតិ និងចែករំលែកបទពិសោធន៍ល្អៗដល់មេធាវីនៅកម្ពុជា។ ឯកឧត្តមប្រធានក៏បានជម្រាបអំពីការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋានដែលនឹងផ្សព្វផ្សាយអំពីច្បាប់មូលដ្ឋាន និងវិជ្ជាជីវៈមេធាវី ដល់ថ្នាក់ដឹកនាំនៅមូលដ្ឋានទូទាំងប្រទេសផងដែរ។ ជាចុងក្រោយ ឯកឧត្តមប្រធានថ្លែងអំណរគុណសាជាថ្មីជូន លោកស្រី រួអេដា អិល ហាច តំណាងការិយាល័យ OHCHR ដែលគាំទ្រដល់សកម្មភាពរបស់គណៈមេធាវី និងបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!!