លោកមេធាវី សាំង វណ្ណៈ អនុញ្ញាតឱ្យលោក Kamiki Atsushi ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃគណៈមេធាវីខេត្តអ៊ីវ៉ាតេ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
លោកមេធាវី សាំង វណ្ណៈ អនុញ្ញាតឱ្យលោក Kamiki Atsushi ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃគណៈមេធាវីខេត្តអ៊ីវ៉ាតេ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kamiki Atsushi ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃគណៈមេធាវីខេត្តអ៊ីវ៉ាតេ ប្រទេសជប៉ុន (Chairman of the International Committee of the Bar Association of Iwate Prefecture, Japan) ចូលជួបសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកប្រធានត្រូវបានអង្គមហាសន្និបាត បោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវីអាណត្តិទី១៥ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានសម្តែងអំណរគុណ និងស្វាគមន៍ចំពោះលោក Kamiki Atsushi និងសហការី សម្រាប់ការអញ្ជើញមកសម្តែងការគួរសម អបអរសាទរ និងពិភាក្សាការងារ។ បន្ទាប់មកលោកប្រធាន និងលោក Kamiki Atsushi បានចែករំលែកបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន លើវិស័យយុត្តិធម៌ ជាពិសេសអំពីទំនាក់ទំនងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ក្នុងការចូលរួមរៀបចំតាក់តែង ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី នាពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកប្រធានគណៈមេធាវី បានជម្រាបជូនគណៈប្រតិភូ អំពីគោលនយោបាយដឹកនាំទាំង ៩ចំណុច ដែលបានដាក់ចេញដើម្បីដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៥ (ឆ្នាំ២០២៤-២០២៦) ដែលគោលនយោបាយនេះ បានអនុវត្តនូវផែនការសកម្មភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណ និងជូនពរដល់ លោកប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ នៃគណៈមេធាវីខេត្តអ៊ីវ៉ាតេ ប្រទេសជប៉ុន និងសហការី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




Facebook
LinkIn
Twitter
RSS
Google+