លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា និងលោកមេធាវី សាំង វណ្ណៈ ។ កម្មវិធីនេះប្រារព្ធឡើងនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សានៃគណៈមេធាវី សមាជិកគណៈកម្មាធិការជាតិ និងសមាជិកលេខាធិការដ្ឋាន ។ នៅក្នុងពិធីនេះ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានឡើងរាយការណ៍អំពីសមិទ្ធផលដែលសម្រេចបាននៅក្នុងអាណត្តិរបស់ ឯកឧត្តម លី ច័ន្ទតុលា រួមទាំងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ បន្ថែមពីនេះទៀត ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំសំខាន់ៗនាពេលថ្មីៗនេះជាពិសេសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ ដែលបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ព្រមទាំងបានផ្តល់នូវអនុសាសន៍និងមតិផ្តាំផ្ញើលើទិសដៅការងារអាទិភាពរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាជូនលោកមេធាវី សាំង វណ្ណៈ ផងដែរ។ ជាការឆ្លើយតបលោកមេធាវី សាំង វណ្ណៈ ជាប្រធានបន្តវេនរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានសម្តែងនូវមតិស្វាគមន៍ចំណាប់អាម្មរណ៍ចំពោះសកម្មភាពការងាររបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាននាពេលកន្លងមក និងបានផ្តល់នូវអនុសាសន៍ណែនាំលើទិសដៅការងារសំខាន់ៗដល់សមាជិកនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ សូមបញ្ជាក់ថា ពិធីផ្ទេរនិងចូលកាន់តំណែងរបស់ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជានេះបានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាល ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN