លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅគណៈមេធាវី ។ សិក្ខាសាលានេះ មានវាគ្មិនកិត្តិយសចំនួន២រូប គឺឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃអ.ដ.ក និងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងកិច្ចការច្បាប់ នៃអ.ដ.ក និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ២១៣រូប ។ សិក្ខាសាលានេះ គឺជាលទ្ធផលមួយនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចុះជាមួយគ្នាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការនេះ អ.ដ.ក. នឹងសហការជាមួយគណៈមេធាវី ដើម្បីចាត់ចែងនីតិវិធីបញ្ចប់ជាស្ថាពរនូវវិវាទដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយមេធាវី ពោលគឺមេធាវី អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ មកស្នើសុំឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសេចក្តីសម្រេចស្ថាពររបស់តុលាការ គឺដូចគ្នានឹងករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក. ដែរ។ លោកប្រធានគណៈមេធាវី បានធ្វើការកត់សម្គាល់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រឹមតែអាចជួយដល់គូភាគីវិវាទអាចបញ្ចប់ទំនាស់ដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នានោះទេ ហើយថែមទាំងអាចជួយកាត់បន្ថយទំនាស់នៅក្នុងសង្គមបានមួយកម្រិតថែមទៀត។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះក៏អាចជួយឱ្យមេធាវីទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលធ្វើឱ្យការប្រកបវិជ្ជាជីវៈមេធាវីកាន់តែទទួលបាននូវវិបុលភាព ស្របតាមចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»៕

G1 473623597 1130348575551029 6148605050200743643 n

G2 473782248 1130351602217393 5072153153117401511 n

G3 473573987 1130353992217154 822864555156361098 n

G4 474153360 1130352322217321 615332119824708352 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top