ដំណើរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ដំណើរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទទួលដំណើរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឈុន វណ្ណៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យច្បាប់ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងឱកាសនៃទស្សនកិច្ចនេះ ក៏មានការធ្វើបទឧទ្ទេសនាមពិសេសស្តីពី «តួនាទី និងភារកិច្ចរបស់គណៈមេធាវីក្នុងវិស័យយុត្តិធម៌» ដែលធ្វើបទឧទ្ទេសនាមដោយ លោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ។ ក្នុងកម្មវិធីនេះ លោកប្រធានគណៈមេធាវី បានជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យ ព្រមទាំងនិស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យច្បាប់ ប្រមាណ២៧៥នាក់ ទស្សនាទីតាំងអគារគណៈមេធាវីរួមមាន៖ បន្ទប់បដិសណ្ឋារកិច្ច បន្ទប់វិនិច្ឆ័យ បន្ទប់ប្រជុំក្រុមប្រឹក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (បណ្ណាល័យ) និងសាលសវនាការត្រាប់។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានផ្ដល់អនុសាសន៍ណែនាំល្អៗ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជូនទៅកាន់និស្សិត និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រ កុំខ្ជះខ្ជាយពេលវេលា និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីមានសមត្ថភាពប្រឡងវិជ្ជាជីវៈផ្សេងៗ ដូចជា វិជ្ជាជីវៈមេធាវី ជាដើម ជាពិសេសមានជំនឿចិត្តលើទិសស្លោករបស់លោកប្រធាន "ចេះ គឺជាប់"។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN