លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងសិក្ខាសាលា ស្តីពី «ការរៀបចំចំណុចវិវាទ»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងសិក្ខាសាលា ស្តីពី «ការរៀបចំចំណុចវិវាទ»
នាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងសិក្ខាសាលា ស្តីពី «ការរៀបចំចំណុចវិវាទ» ដោយមានវាគ្មិនកិត្តិយសគឺលោកស្រីបណ្ឌិត Yoshiko Homma (មេធាវី) និងលោកបណ្ឌិត Kenichi Yasuda (មេធាវី) ដែលសហការរៀបចំរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន១៥៩នាក់។ គោលបំណងសំខាន់បំផុតនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញជូនសហភាតាអំពីការរៀបចំចំណុចវិវាទ ថាតើការកំណត់ចំណុចវិវាទ ត្រូវកំណត់លើអ្វី? កំណត់លើសិទ្ធិ ឬអង្គហេតុ? តើអង្គហេតុបែបណាដែលត្រូវក្លាយជាកម្មវត្ថុនៃការកំណត់ចំណុចវិវាទ? ក្រោយពេលដែលអាច កំណត់ចំណុចវិវាទបានហើយ តើភាគីណាជាអ្នកបញ្ជាក់លើអង្គហេតុនោះ? ជាអាទិ៍។ នៅក្នុងសិក្ខាសាលា លោក Naoshi Sato អតីតអនុប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធគណៈមេធាវីជប៉ុន ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ ផងដែរ។ គួរបញ្ជាក់ផងដែរថា លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដាក់ចេញនូវគោលនយោបាយចំនួន៩ចំណុច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី ក្នុងនោះចំនុចទី៤ នៃគោលនយោបាយរបស់លោកប្រធាន គឺ «ការពង្រឹង និងពង្រីកយន្តការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមេធាវីស្របតាមការអភិវឌ្ឍន៍នៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។ ចុងបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណសហព័ន្ធគណៈមេធាវីជប៉ុន ជាពិសេស វាគ្មិនទាំង ពីររូប ដែលបានចូលរួមចែករំលែកចំណេះដឹងដល់បងប្អូនសហភាតា ហើយ លោកប្រធាន សង្ឃឹមថា បងប្អូនសហភាតា នឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត សម្រាប់ជាទុនក្នុងការអនុវត្តវិជ្ជាជីវៈមេធាវី ហើយក៏អាចបង្កើននូវទំនុកចិត្តចំពោះកូនក្តីផងដែរ។