លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកបាឋកថា ស្តីពី «បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកបាឋកថា ស្តីពី «បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី»


នារសៀលថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថា ស្តីពី «បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី» ដែលធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សមាជិកក្រុមប្រឹក្សាគណៈមេធាវី នាយកនិងសមាជិកខុទ្ទកាល័យ ទីប្រឹក្សា លេខាធិការ ជំនួយការ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និង នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី២០ ដែលទើបទទួលបានការជោគជ័យក្នុងការប្រឡងជ្រើសរើសនាពេលថ្មីៗនេះ ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមចំនួន ៣២១នាក់។ បាឋកថា ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវី និងការដឹកនាំស្ថាប័ន ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ជាបុគ្គលដែលបានលះបង់នូវកម្លាំងកាយចិត្តក្នុងការបំពេញកិច្ចការងារដោយការទទួលខុសត្រូវខ្ពស់ និងបានបន្សល់ទុកនូវសមិទ្ធផលជាច្រើនដល់ស្ថាប័នគណៈមេធាវី ទាំងក្នុងអំឡុងពេលប្រកបវិជ្ជាជីវៈមេធាវី និងពេលដែលឯកឧត្តមបំពេញតួនាទីជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៨។ បន្ថែមលើសពីនេះទៅទៀត បាឋកថានេះក៏មានគោលបំណងលើកទឹកចិត្តសហភាតាឱ្យចូលរួមជាមួយគណៈមេធាវី ដើម្បីពង្រឹង និងពង្រីកសមត្ថភាពមេធាវី ព្រមទាំងលើកតម្កើងនូវតម្លៃនៃវិជ្ជាជីវៈមេធាវី។ គួរបញ្ជាក់ផងដែរថា នៅក្នុងបាឋកថានេះ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចែករំលែកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមមេធាវីរបស់ឯកឧត្តម ក៏ដូចជាការគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទាំងបានបញ្ជាក់អំពីបទពិសោធន៍ការងារឯកឧត្តមចាប់ពីពេលដែលប្រកបវិជ្ជាជីវៈក្រឡាបញ្ជី រហូតឈានមកដល់ការប្រកបវិជ្ជាជីវៈមេធាវី និងបានក្លាយជាប្រធានគណៈមេធាវីចំនួន២អាណត្តិ។ នៅក្នុងឱកាសនេះ ឯកឧត្តមបានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៦ចំណុចដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនដល់សហភាតាដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបវិជ្ជាជីវៈមេធាវី រួមមាន៖

១. ត្រូវការរៀបចំខ្លួនឱ្យបានសក្តិសមជាមេធាវីសមស្របដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈមេធាវី (រាប់ចាប់តាំងពីការស្លៀកពាក់ ការរៀបចំខ្លួន) ។ ការរៀបចំការិយាល័យ ត្រូវរៀបឱ្យបានស្អាតឱ្យមានលក្ខណៈស្តង់ដាខ្ពស់ ដែលធ្វើឱ្យអតិថិជនមានជំនឿចិត្កក្នុងការពឹងពាក់ និងប្រគល់សិទ្ធិឱ្យធ្វើជាមេធាវី ។

២. ជាមេធាវីចេះប្រើពាក្យសំដីទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់ ម៉ត់ចត់ ច្បាស់លាស់ និយាយនូវអ្វីដែលត្រឹមត្រូវស្របច្បាប់ដែលអាចធ្វើទៅបាន មិនគួរនិយាយអួតអាងលើសពីអ្វីដែលជាការពិតដែលមិនអាចធ្វើទៅបាននោះទេ នៅពេលនិយាយហើយធ្វើមិនបាននាំឱ្យខ្លួនយើងបាត់តម្លៃ ។

៣. នៅពេលបំពេញការងារ ការតតាំងក្តី ពេលសវនាការ ត្រូវមានភាពក្លាហានក្នុងការជជែកដេញដោលជាមួយគូភាគីនៃរឿងក្តី ក៏ដូចជាជាមួយ ចៅក្រម ព្រះរាជអាជ្ញា ក្នុងការវែកញែកលើនូវសំអាងហេតុ ភស្តុតាង និងមាត្រាច្បាប់ដែលបានបញ្ញតិមកអះអាង ។

៤. មិនត្រូវគិតលើភាពយុត្តិធម៌នៃរឿងក្តី ក្នុងនាមជាមេធាវីការពារក្តី ឬជាមេធាវីតំណាងឱ្យភាគីណាមួយនៃរឿងក្តី ត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងលទ្ធភាពក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កូនក្តី ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និងសាក្សី ប្រសិនបើទោះបីជាយើងជាមេធាវីដឹង និងឃើញថាកូនក្តីយើងមានកំហុសក៏ដោយ ត្រូវរិះរកនូវគ្រប់មធ្យោបាយដើម្បីជួយកូនក្តីដោយផ្អែកលើភាពចន្លោះប្រហោងនៃច្បាប់ ភស្តុតាង និងការបកស្រាយច្បាប់ ក្នុងន័យនេះមិនមែនមានន័យថាឱ្យមេធាវីទៅប្រព្រឹត្តអំពើអ្វីដែលល្មើសច្បាប់ដើម្បីជួយកូនក្តី របស់ខ្លួន ដូចជា ការបង្កើតភស្តុតាង បង្កើតអង្គហេតុ ក្លែងឯសារ ឬធ្វើអំពើអ្វីផ្សេងដែលល្មើសច្បាប់ដើម្បីជួយកូនក្តីរបស់ខ្លួននោះទេ គឺត្រូវធ្វើនូវអ្វីដែលត្រឹមត្រូវស្របច្បាប់ក្នុងការជួយកូនក្តីរបស់ខ្លួនតែប៉ុណ្ណោះ ។

៥. ជាមេធាវីត្រូវចេះមានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ត្រីបុគ្គលិកនានានៃស្ថាប័ននោះ ដើម្បីជាប្រយោជន៍ និងភាពងាយស្រួលក្នុងការងាររបស់ខ្លួន នៅពេលមេធាវីមានទំនាក់ទំនងល្អ វាជួយសម្រួលដល់ការងាររបស់ឱ្យមានដោះណើរការល្អនិងរលូន ។

៦. មេធាវីត្រូវចេះពង្រឹងសមត្ថភាពការងារ ចំណេះដឹងផ្លូវច្បាប់ ជាពិសេសសមត្ថភាពប្រើភាសាបរទេស ដូចជា ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ជាដើម សមត្ថភាពភាសាជាឱកាសដ៏ល្អសម្រាប់មេធាវីក្នុងការទំនាក់ទំនង និងទទួលបានអតិថិជនបរទេស ជាពិសេសអ្នកវិនិយោគិនបរទេសធំៗ ដែលអាចឱ្យមេធាវីទទួលបាននូវកម្រៃសេវាមេធាវីខ្ពស់ បើមិនមានសមត្ថភាពប្រើភាសាបរទេសទេជាការបាត់បង់ឱកាសដ៏ល្អក៏ដូចជាឱកាសនៃការរកប្រាក់ចំណូលផងដែរ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទសរដ្ឋមន្ត្រីក៏បានលើកឡើងនូវសំណូមពរមួយចំនួនចំពោះសហភាតា ដែលមានភាពចាំបាច់ណាស់ក្នុងការប្រកបវិជ្ជាជីវៈគឺ

ទី១. ក្នុងនាមយើងជាមេធាវីដាច់ខាតត្រូវគោរពនិងអនុវត្តនូវច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង ដែលជាវិធានគោលរបស់មេធាវី ដើម្បីកុំឱ្យមេធាវីប្រព្រឹត្តិនូវអ្វីដែលខុស និងល្មើសក្នុងនាមខ្លួនជាមេធាវី ។

ទី២. ការទទួលសេវាពីអតិថិជន ត្រូវជាសេវាដែលស្របច្បាប់ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី មិនមែនជាសេវាមេធាវីដែលទទួលបានដោយអំពើទុច្ចរិត ការប្រើល្បិចឬឧបាយកល ការឃុបឃិតគ្នា ដើម្បីទទួលបានសេវានោះទេ ។ ថ្លែងក្នុងសុន្ទរកថាបិទបាឋកថា លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានមានប្រសាសន៍អំពីការរៀបចំបាឋកថានេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការចែករំលែកបទពិសោធន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការដឹកនាំស្ថាប័នប្រកបដោយភាពជោគជ័យជាមួយនឹងលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការប្រកបវិជ្ជាជីវៈ ជាមេធាវីក្នុងនាមជារៀមច្បង ជាអតីតប្រធានគណៈមេធាវី។ បន្ថែមពីនេះទៀត លោកប្រធានគណៈមេធាវី ក៏បានចូលរួមអបអរសាទរ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះសិស្សមេធាវីជំនាន់ទី២០ ចំនួន៤០រូប ដែលទើបបានប្រឡងជាប់ ហើយត្រូវចូលរៀនក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដោយបានឆ្លងកាត់នូវការប្រឡងការជ្រើសរើសយ៉ាង សម្រិតសម្រាំង ប្រកបដោយគុណភាព ដោយភាពយុត្តិធម៌ ត្រឹមត្រូវបំផុត ផ្អែកលើគោលការណ៍ «ចេះជាងគេគឺជាប់» ដែលស្របទៅតាមគោលនយោបាយចំណុចទី៥ របស់លោកប្រធានដែលបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីអាណត្តិទី១៥។ លោកប្រធានគណៈមេធាវី ក៏បានលើកបន្ថែមទៀត ដោយក្នុងរយៈពេលជិតមួយឆ្នាំមកនេះ គណៈមេធាវីក្រោមការដឹកនាំរបស់លោកប្រធាន និងសមាជិកក្រុមប្រឹក្សាអាណត្តិ ទី១១ បាននឹងកំពុងចូលរួមក្នុង «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ លោកប្រធានក្នុងអាណត្តិទី១៥ បានដាក់ចេញនូវគោលនយោបាយដឹកនាំគណៈមេធាវី ដោយឈរលើគោលការណ៍ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។ ក្នុងនោះផងដែរ គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានសម្រិតសម្រាំង និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ប្រកបដោយគុណភាព និងតម្លាភាព ក្នុងការរៀបចំប្រឡងជ្រើសរើស សិស្សមេធាវីជំនាន់ទី២០ ដែលមានសមត្ថភាពបានចំនួន ៤០រូប ដោយមានការចូលរួមសង្កេតការណ៍ដ៏តឹងរឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ត្រឹមត្រូវច្បាស់លាស់ ដែលជាគ្រាប់ពេជ្រថ្មី និងជាគ្រាប់ឈាមថ្មី របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគណៈមេធាវី ដោយការប្រឡងឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

U1 509151838 1248253347093884 1457785813622649661 n

U2 508189685 1248253637093855 6023972647614515574 n

U3 508185434 1248253757093843 3493542878215779908 n

U4 509185292 1248253567093862 9082988973264140775 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top