លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី២០ នៅទីស្នាក់ការគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី២០ នៅទីស្នាក់ការគណៈមេធាវី
នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី២០ នៅទីស្នាក់ការគណៈមេធាវី ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី និងបុគ្គលិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិស្សមេធាវីជំនាន់ទី២០ ទាំង ៤០នាក់។ លោកមេធាវី ប៉ា ងួនគា នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានអញ្ជើញធ្វើសេចក្តីរាយការណ៍អំពីចំនួនសិស្សមេធាវី ម៉ោងសិក្សា និងមុខវិជ្ជាសិក្សា សម្រាប់សិស្សមេធាវីជំនាន់ទី២០ ជូនដល់អង្គពិធី ។ បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកនាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកប្រធានគណៈមេធាវី មានប្រសាសន៍ថា ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ នេះ គឺជាផ្នែកមួយនៃគោលនយោបាយ ដឹកនាំចំនួន៩ចំណុចរបស់លោក ដែលបានដាក់ចេញមុនពេលចូលកាន់តំណែងជាប្រធានគណៈមេធាវីអាណត្តិទី ១៥ គឺគោលនយោបាយចំនុចទី៥ «ការពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី ដោយឈរលើគោលការណ៍តម្លាភាព ដើម្បីធានានូវគុណភាព និងប្រសិទ្ធភាព” និងក៏ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ”ការប្រឡងប្រជែង អ្នកចេះជាងគេ គឺជាប់ ជាប់ដោយមោទនៈ បើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត” ។ ដោយតាមរយៈនេះ លោកប្រធាន បានសម្រេចឱ្យមានការជ្រើសរើសសិស្សមេធាវីជំនាន់ទី២០ ដោយកំណត់ចំនួនត្រឹម៤០នាក់ និងធ្វើយ៉ាងណាត្រូវសម្រិតសម្រាំងជ្រើសរើសយកបេក្ខជន ដែលមានចំណេះដឹងពិតប្រាកដ ប្រកបដោយគុណភាព សម្រាប់យកមកធ្វើការបណ្តុះបណ្តាលឱ្យក្លាយជាមេធាវី ដើម្បីចូលរួមចំណែកបម្រើវិស័យយុត្តិធម៌ ក្នុងចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី »។ បន្ថែមពីនេះ លោកប្រធាន បានផ្តាំផ្ញើប្អូនៗ ក្មួយៗ ជាសិស្សមេធាវីជំនាន់ទី២០ទាំងអស់ នៅពេលចូលសិក្សា ត្រូវ៖
១. ត្រូវចូលរួមគ្រប់សកម្មភាពបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឱ្យបានគ្រប់ៗគ្នា ជៀសវាងការអវត្តមាន ឬបញ្ហាអសកម្មណាមួយ
២. ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសិស្សមេធាវី ដូចមានកំណត់ក្នុងសេចក្តីសម្រេចលេខ ២៦២/សសគម/១៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តបទវិន័យរបស់សិស្សមេធាវី និងសេចក្តីសម្រេចលេខ ៣៤០ /សសគម/២៣ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលប្រការ៩ នៃសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តបទវិន័យរបស់សិស្សមេធាវី
៣. ក្រៅពីការគោរពនូវវិន័យខាងលើ សិស្សមេធាវី ក៏ត្រូវគោរពផងដែរ នូវបទបញ្ជានិងការណែនាំផ្សេងៗ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសេចក្តីសម្រេចផ្សេងៗដែលពាក់ព័ន្ធនឹងការសិក្សា និងវិន័យដែលដាក់ចេញដោយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បន្ថែមទៀត។
៤. ត្រូវមានការយោគយល់គ្នា អត់ឱនឱ្យគ្នាទៅវិញទៅមក និងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ
៥. ត្រូវត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងដកស្រង់យកនូវបទពិសោធន៍ល្អៗពីគ្រូ សាស្ត្រាចារ្យ ដែលមកបង្ហាត់បង្រៀន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ចុងបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានសម្រេច បង្កើតគណៈកម្មការដើម្បីចូលរួមត្រួតពិនិត្យនិងសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សមេធាវីជំនាន់ទី២០ ដោយបានចូលរួមយ៉ាងសកម្ម និងសហការយ៉ាងចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ហើយ លោកប្រធាន ក៏បានថ្លែងអំណរគុណដល់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលបានសហការនិងអនុញ្ញាតឱ្យគណៈមេធាវី បានប្រើប្រាស់ទីតាំងដើម្បីធ្វើជាមណ្ឌលប្រឡង។