លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Li Dongmei ប្រធានគម្រោងនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ចូលជួបពិភាក្សាការងារ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Li Dongmei ប្រធានគម្រោងនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ចូលជួបពិភាក្សាការងារ
នាព្រឹក ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Li Dongmei ប្រធានគម្រោងនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ចូលជួបពិភាក្សាការងារ ដែលក្នុងនោះមានរបៀបវារៈសំខាន់ចំនួន ២គឺ៖ ១. ការអញ្ជើញលោកប្រធានចូលរួមក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅទីក្រុងឆុងឈីង ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ២. ពិភាក្សាអំពីគម្រោងចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី Southwest University of Political Science and Law (SWUPL) ក្នុងគោលបំណងផ្តល់អាហារូបករណ៍ដល់សមាជិកគណៈមេធាវីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក តាមរយៈការចូលរួមជាវាគ្មិនដើម្បីជជែកពិភាក្សាច្បាប់។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី ជាសាកលវិទ្យាល័យលំដាប់អន្តរជាតិមួយនៅប្រទេសចិន ដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាច្រើននៅលើសកលលោក។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា សាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី តែងផ្តល់អាហារូបករណ៍ដល់អ្នកច្បាប់ជាច្រើន តាមរយៈក្រសួងយុត្តិធម៌ ហេតុនេះកិច្ចសហប្រតិបត្តិការនាឱកាសនេះ គឺជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរបស់គណៈមេធាវីនៅក្នុងទំនាក់ទំនងអន្តរជាតិ។