លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពី «ការចាត់ចែងរក្សាការពារក្នុងសំណុំរឿងលែងលះ» និងពិធីចុះអនុស្សរណៈនៃការយោគយល់ លើកទី៣ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពី «ការចាត់ចែងរក្សាការពារក្នុងសំណុំរឿងលែងលះ» និងពិធីចុះអនុស្សរណៈនៃការយោគយល់ លើកទី៣ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់
នាថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ លើកទី៣ និងសិក្ខាសាលា ស្តីពី «ការចាត់ចែងរក្សាការពារក្នុងសំណុំរឿងលែងលះ» ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដែលមាន លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់ និងជាប្រធានក្រុមមេធាវី ជេ ស៊ី ជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់ ក្រុមការងារវិភាគទានច្បាប់ និងសិក្ខាកាមចំនួនសរុប ៣២០។ សិក្ខាសាលាប្រព្រឹត្តទៅក្នុងគោលបំណងឱ្យសិក្ខាកាមបានស្វែងយល់បន្ថែមការចាត់ចែងរក្សាការពារចំពោះសិទ្ធិទាមទារផ្សេងៗដែលអាចកើតមាននៅក្នុងសំណុំរឿងលែងលះ។ នាឱកាសនោះ លោកប្រធានគណៈមេធាវី បានមានប្រសាសន៍ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ បានសហការគ្នាលើការបណ្តុះបណ្តាលពាក់ព័ន្ធនឹងផ្នែករដ្ឋប្បវេណី តាមរយៈអនុស្សរណៈនៃការយោគយល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានបង្កើតនូវសមិទ្ធផលរួមគ្នាជាច្រើន ជាពិសេសការបណ្តុះបណ្តាលតាមរយៈសិក្ខាសាលា។ ជាក់ស្តែង ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ចំនួន ២លើក រួចមកហើយ ដោយលើកទី១ នៅក្នុងឆ្នាំ២០១៧ ដោយក្នុងនោះយើងបានរៀបចំសិក្ខាសាលារួមគ្នាចំនួន ១៣ លើក និងលើកទី២ នៅក្នុងឆ្នាំ២០២៣ ដែលក្នុងនោះបានរៀបចំសិក្ខាសាលារួមគ្នាចំនួន ៧លើក។ លើសពីនេះ លោកប្រធាន ថ្លែងបន្ថែមថា តាមរយៈកិច្ចសហការកន្លងមក គណៈមេធាវីតែងតែទទួលបាននូវលទ្ធផលជាវិជ្ជមាន ដោយសារ កិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់វិភាគទានច្បាប់ លើគុណភាពនៃការបណ្តុះបណ្តាល និងវិធីសាស្ត្រ ក្នុងការចែករំលែកដែលមានភាពថ្មីប្លែក ធ្វើឱ្យសិក្ខាកាមងាយយល់ និងដោះស្រាយនូវបញ្ហាឬចម្ងល់របស់បងប្អូនសហភាតាបានចំគោលដៅ និងដោយមើលឃើញពីវឌ្ឍនភាពនៃការងារបណ្តុះបណ្តាលដែលជាឯកទេសរបស់វិភាគទានច្បាប់ ស្របនឹងគោលនយោបាយដឹកនាំគណៈមេធាវី របស់លោក សម្រាប់អាណត្តិទី១៥នេះ នាំឱ្យស្ថាប័នទាំងពីរ បាននឹងកំពុងបន្តកិច្ចសហការប្រតិបត្តិការតាមរយៈ ការចុះអនុស្សរណៈនៃការយោគល់យល់លើកទី៣។ ជាទីបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណវិភាគទានច្បាប់ ជាពិសេសវាគ្មិនទាំងពីររូបដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកចំណេះដឹងដល់បងប្អូនសហភាតា ក្នុងគោលដៅរួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី និងវត្តមានរបស់បងប្អូនសហភាតាទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលា និងលោកប្រធានក៏បានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម។