មហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

មហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ មហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបិទបញ្ចប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។ មានប្រសាសន៍ក្នុងមហាសន្និបាតលើកទី៣០ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ បានប្តេជ្ញាចិត្តដាក់ចេញនូវបេសកកម្មការងារថ្មីៗដើម្បីសម្រេចឱ្យបានចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាព នៃវិជ្ជាជីវៈមេធាវី»។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ មានប្រសាសន៍បន្ថែមថា មេធាវីបានចូលរួមសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ក្នុងពង្រឹងពង្រីកនូវប្រសិទ្ធភាព ក្នុងការអនុវត្តច្បាប់, ការអនុវត្តគោលនយោបាយសុខុមាលភាព និងមាតុភាព សហភាតា និងបុគ្គលិកគណៈមេធាវី, ការបើកវគ្គបណ្តុះបណ្តាលដល់ជំនួយការមេធាវី ឱ្យមានសមត្ថភាព ប្រសិទ្ធភាព ក្នុងការអនុវត្តកិច្ចការងារជួយដល់មេធាវី។

ជាមួយគ្នានេះ គណៈមេធាវីក៏បានរៀបចំការប្រឡងជ្រើសរើសសិស្សមេធាវីប្រកបដោយតម្លាភាព ដោយមានការចូលរួមត្រួតពិនិត្យ និងផ្តល់ កិច្ចសហការជាលើកដំបូង ពីអង្គភាពប្រឆាំងអំពើពុករលួយ «ចេះជាងគេគឺជាប់» ការបង្កើន និងពង្រីកទំហំការងារការពារក្តីជូនជនក្រីក្រ ដល់ជនបទដាច់ស្រយ៉ាល, ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា (ហៅកាត់ថា ALA), ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នពាក់ព័ន្ធ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសជាដៃគូ ជាអាទិ៍ ៖ អាមេរិក ស្វីស ចិន អូស្ត្រាលី ជប៉ុន អាឡឺម៉ង់ បារាំង ឥណ្ឌា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ីជាដើម។

ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានកោតសរសើរនូវការរៀបចំមហាសន្និបាតនេះដោយ លោកមេធាវី សាំង វណ្ណៈ ជាប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំសន្និបាទនេះឱ្យប្រព្រឹត្តទៅបានល្អ មានសណ្តាប់ធ្នាប់ ទាន់ពេលវេលា និងយ៉ាងអធិកអធម បង្ហាញឱ្យឃើញថាមេធាវីទាំងអស់មានទិសដៅ និងឆន្ទៈមុះមុតក្នុងការលើកស្ទួយមុខមាត់វិជ្ជាជីវៈមេធាវីដែលមានតួនាទីសំខាន់នៅក្នុងវិស័យយុត្តិធម៌សង្គម។ ឯកឧត្តម ក៏បានសម្គាល់ថាក្រោមការដឹកនាំរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ អស់រយៈពេល១ឆ្នាំកន្លងមកនេះ ឃើញថាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលការងារជាច្រើនដែលបានចូលរួមចំណែកបម្រើវិស័យយុត្តិធម៌ លើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសមត្ថភាពមេធាវី និងការចងជាកាតព្វកិច្ចសង្គមជាមួយរដ្ឋាភិបាលផងដែរ។ 

ក្នុងឱកាសដ៏មហាឡារិកនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអបអរសាទរ និងការគាំទ្រដល់ទិសដៅការងារដែលបានដាក់ចេញដោយ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖

- មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និង ភាពស្មោះត្រង់ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋក៏ដូចជាដើម្បីការពារ និង លើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។

- មេធាវីគ្រប់រូបគប្បីបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ ទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា ដើម្បីភាពរឹងមាំនៃសមត្ថភាពខ្លួនឯងផង និងដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវីផង។

- សូមមេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមេធាវីគ្រប់រូបត្រូវប្រកាន់យកនូវស្មារតីនៃការដោះស្រាយវិវាទដោយសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួជា «អ្នកពន្លត់ភ្លើង» ឬ ជាអ្នកសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងសង្គម ក៏ដូចជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់ជាដើម ៕

W1 558947876 1351496626769555 8784152135636218514 n

W2 565849145 1351496456769572 1569180304032958169 n

W3 566218493 1351496446769573 1861896110729531864 n

W3 561795971 1351496760102875 4950125840060258431 n

W5 565382517 1351497416769476 1673269450117650064 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top