ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា
នៅទីស្នាក់ការធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ។ អនុស្សរណៈនេះមាន គោលបំណងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនៅក្នុងវិស័យធនាគារ និង/ឬ កំណត់ពីការពង្រឹងនិងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ផ្នែករដ្ឋប្បវេណី ព្រមទាំងច្បាប់និងបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់។ ថ្លែងក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នាឱកាសនេះ លោកប្រធានគណៈមេធាវីបានលើកឡើងពីសារបានដែលនាំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ ដោយស្ថាប័នទាំងពីរធ្លាប់បានសហការគ្នារៀបចំកិច្ចពិភាក្សាពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ក្នុងវិស័យធនាគារ លើប្រធានបទមួយចំនួន។ បន្ទាប់ពីកិច្ចពិភាក្សានាពេលនោះ ស្ថាប័នទាំងពីរមើលឃើញពីបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការអនុវត្ត ដែលទាមទារឱ្យមានដំណោះស្រាយរួមគ្នារវាងភាគីពាក់ព័ន្ធ ហើយដោយមានឆន្ទៈស្របគ្នាក្នុងការស្វែងរកដំណោះស្រាយនេះ ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនកម្រិតកិច្ចសហប្រតិបត្តិការ សំដៅធានាឱ្យបាននូវលទ្ធផលជាផ្លែផ្កាចំពោះបញ្ហាប្រឈមដែលកំពុងកើតឡើង។ ស្របនឹងការលើកឡើងរបស់លោកប្រធានគណៈមេធាវី ឯកឧត្តមទេសាភិបាលរង ក៏បានលើកឡើងពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជាជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងសកម្មភាពនៃអនុស្សរណៈនៃការយោគយល់ និងកិច្ចការផ្សេងទៀត ដែលនឹងត្រូវរៀបចំនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។




Facebook
LinkIn
Twitter
RSS
Google+