អគ្គលេខាធិការគណៈមេធាវីទទួលជួបមេធាវីគ្មានព្រំដែនបារាំង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានទទួលជួបប្រតិភូមកពីទីក្រុងទូលូ ប្រទេសបារាំង ដឹកនាំដោយលោកស្រីចៅក្រម Helene Diribarne ដែលជាប្រធានគម្រោងមេធាវីគ្មានព្រំដែនបារាំង។ លោកស្រីចៅក្រម Helene បានស្នើសុំការគាំទ្រពីគណៈមេធាវីលើគម្រោងកសាងសមត្ថភាពមន្ត្រីជាពិសេសមន្ត្រីនៃមន្ទីរកិច្ចការនារីប្រចាំខេត្តបាត់ដំបង លើកិច្ចការការពារស្ត្រី និងកុមាររងគ្រោះដែលត្រូវការជំនួយមេធាវី។
ឆ្លើយតបនឹងសំណើរនេះ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានស្វាគមន៍រាល់សកម្មភាពជួយសង្គមរបស់មេធាវីគ្មានព្រំដែនបារាំងនឹងបានលើកទឹកចិត្តឱ្យបន្តសកម្មភាពជួយជនក្រីក្រពីការរំលោភបំពាន ជាពិសេសលោកមេធាវី ព្រហ្ម វិចិត្រអក្ខរាបានស្នើឱ្យមេធាវីគ្មានព្រំដែនបារាំងសហការឱ្យបានជិតស្និតជាមួយនឹងប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង និងអាជ្ញាធរដែនដី។
ជំនួបរវាងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី និងក្រុមមេធាវីគ្មានព្រំដែនបារាំងបានបញ្ចប់នៅក្រោមបរិយាកាសយោគយល់និងស្និទ្ធស្នាល។