កិច្ចពិភាក្សាការងារ រវាងគណៈមេធាវី ជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសួន វិសាល ប្រធានគណៈមេធាវីបានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងបុគ្គលិកគណៈមេធាវីដើម្បីចូលរួមពិភាក្សាការងារជាមួយលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សានេះមានការចូលរួមពី សហភាតាមេធាវី លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដើម្បីពិភាក្សា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ។ របៀបវារៈនៃកិច្ចប្រជុំផ្តោតបួនចំណុចសំខាន់ៗគឺ
(១) សកម្មភាពការងារបស់គណៈមេធាវីកន្លងមក
២) តួនាទីរបស់ប្រតិភូគណៈមេធាវីប្រចាំសាលាដំបូង ខេត្ត/ក្រុង
៣) យន្តការនៃការការពារក្តីជូនជនក្រីក្រ និង
៤) បញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈមេធាវី និងចៅក្រម ព្រះរាជអាជ្ញា
នៅក្នុងកិច្ចពិភាក្សានេះ លោកមេធាវី សួន វិសាលប្រធានគណៈមេធាវីបានធ្វើបទបង្ហាញអំពី សមិទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងអាណត្តិនៃការដឹកនាំរបស់លោករួមមានកំណែទម្រង់ផ្ទៃក្នុងអង្គភាពគណៈមេធាវីឲ្យការងារកាន់តែប្រសើរឡើង ជាពិសេសការធ្វើទំនើបកម្មក្នុងវិស័យរដ្ឋបាល និងការគ្រប់គ្រងរឿងក្តីក្រីក្រតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។
នៅក្នុងកិច្ចពិភាក្សានេះ អ្នកចូលរួមបានផ្តល់នូវសំណួរ និងយោបល់យ៉ាងផុសផុលដែលពាក់ព័ន្ធនឹងការប្រឈមមុខនៃការអនុវត្តការងារកន្លងមក។
ជាកិច្ចបញ្ចប់កម្មវិធី ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានទទួលយកនូវចំណុចទាំងឡាយបានលើក ឡើងនៅក្នុងកិច្ចពិភាក្សានេះ ហើយនឹងធ្វើការដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់។