ថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមេធាវី និងមេធាវីកម្មសិក្សាទាំងអស់ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមេធាវី និងមេធាវីកម្មសិក្សាទាំង
អស់ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកទទួលបន្ទុកចាក់វ៉ាក់សាំង។
យុទ្ធនាការនេះមានរយៈពេល៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដោយអ្នកបានមកទទួលចាក់វ៉ាក់សាំង សរុបទាំងអស់មាន ចំនួន ១៨៦៧ នាក់ ដោយក្នុងនោះមាននារីចំនួន ៦៨៥នាក់។ សូមបញ្ជាក់ផងដែរថា ក្រៅពីមេធាវីនិងមេធាវីកម្មសិក្សាដែលត្រូវបានទទួលការ ចាក់វ៉ាក់សាំង គណៈមេធាវីក៏បានផ្តល់ទីតាំងនិងអនុញ្ញាតឱ្យបងប្អូនមកពីសភា មុខរបរនិងមីក្រូសហគ្រាសកម្ពុជា សមាគមន៍ រួមគ្នាដើម្បីអភិវឌ្ឍន៍ADP និង ក្រុមហ៊ុនP-Trust មកទទួលការចាក់វ៉ាក់សាំងនេះនៅគណ:មេធាវីផងដែរ តាមការស្នើសុំរបស់អ្នកសម្របសម្រួលនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស។
ការចាក់វ៉ាក់សាំងនេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ការវាស់កម្តៅ ការវាស់សម្ពាធឈាម ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ការចុះទិន្នន័យ ទីតាំងប្រកបដោយអនាម័យ និងការសម្លាប់មេរោគ។ ល។ ជាពិសេស គឺអនុវត្តតាមវិធានការ ៣ កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ តំណាងក្រសួងសុខាភិបាលតែងតែមកត្រួតពិនិត្យជាប្រចាំនៅទីតាំងចាក់វ៉ាក់សាំងនេះ។
នៅក្នុងឱកាសនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏ដូចជាចំពោះមេធាវី ហើយឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា និងលះបង់កំលាំងកាយចិត្ត មកជួយចាក់វ៉ាក់សាំងជូនមេធាវី មេធាវីកម្មសិក្សា និងបុគ្គលិកគណៈមេធាវីដោយក្តីរីករាយ ហើយឯកឧត្តមក៏បានជូនកម្រងបាច់ផ្កាជូនតំណាងក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ដើម្បីទុកជាអនុស្សាវរិយ៍ ហើយឯកឧត្តមក៏សង្ឃឹមថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះនឹងបន្តមានវត្តមានចូលរួមចាក់វ៉ាក់សាំងជូនមេធាវី និងមេធាវីកម្មសិក្សានៅដំណាក់កាលទី២បន្តទៀត។
ជាចុងក្រោយឯកឧត្តមប្រធាន សូមថ្លែងអំណរគុណជូនចំពោះសហភាតាទាំងអស់ដែលបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងតាមការអំពាវនាវ ហើយសូមសហភាតាទាំងអស់រង់ចាំការជូនដំណឹងរបស់គណមេធាវីអំពីការចាក់វ៉ាក់សាំងនៅដំណាក់កាលទី២បន្តទៀត។
នៅពេលបញ្ចប់យុទ្ធនាការនេះ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងក្រុមការងារគណៈមេធាវីទាំងអស់ ដែលបង្កលក្ខណៈងាយស្រួល និងទទួលយ៉ាងរ៉ាក់ទាក់ដល់ក្រុមគ្រូពេទ្យទាំងអស់ ហើយក៏បានវាយតម្លៃខ្ពស់ដល់ការរៀបចំទីតាំងសម្រាប់យុទ្ធនាការនេះផងដែរ។