ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោកមេធាវី មាស បូរ៉ា បានប្រគល់ជូនសៀវភៅចំណេះដឹងទូទៅស្តីពីច្បាប់ ជូនមកគណៈមេធាវី រួមមាន កម្រងសាលដីកានិងសាលក្រមតុលាការកម្ពុជា (បទមនុស្សឃាត) កម្រងឯកសារពាក់ព័ន្ធការឃុំខ្លួន និងសំណើដោះលែង ក្នុងសំណុំរឿង ០០១ នៃអ.វ.ត.ក. កម្រងសេចក្តីសម្រេចរបស់អ.វ.ត.ក. សំណុំរឿង ០០២ ពាក់ព័ន្ធនឹងបញ្ហាលើកលែងទោស អត្ថបទស្រាវជ្រាវ ច្បាប់ និងយុត្តិសាស្ត្រ កម្រងសេចក្តីសម្រេចនៃអ.វ.ត.ក. ពាក់ព័ន្ធអាជ្ញាយុកាល យុត្តិសាស្ត្ររបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងខ្លឹមសារដកស្រង់សាលដីកាតុលាការកំពូលកម្ពុជា។
ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេធាវី មាស បូរ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ សរសេរនិងចងក្រងជាសៀវភៅទាំងនេះ និងបានប្រគល់ជូនគណៈមេធាវីដាក់តម្កល់នៅបណ្ណាល័យសម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវច្បាប់ ពីសំណាក់សហភាតាមេធាវី សិស្សមេធាវី និងសាធារណជន។
គណៈមេធាវីសូមគាំទ្រស្នាដៃរបស់លោកមេធាវី មាស បូរ៉ា ដែលជាការចូលរួមពង្រឹងនិងពង្រីកចំណេះដឹងក្នុងវិស័យច្បាប់ និងសូមអំពាវនាវដល់សហភាតាមេធាវីជួយគាំទ្រសៀវភៅរបស់លោកផងដែរ ។ យេីងរួមគ្នាដេីម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។