សិក្ខាសាលាបូកសរុបអន្តរជាតិ តាមប្រព័ន្ធអនឡាញZOOM) ស្តីអំពី”ការប្រឈម សកម្មភាព និងបទពិសោធន៍ នៃការជម្រុញការអនុវត្តសិទ្ធិទទួលបានយុត្តិធម៌”
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា...
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយអនុលោមតាមការចាត់តាំងពីឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ បានចូលរួមនិងធ្វើបទបង្ហាញក្នុងសិក្ខាសាលាបូកសរុបអន្តរជាតិ តាមប្រព័ន្ធអនឡាញZOOM) ស្តីអំពី”ការប្រឈម សកម្មភាព និងបទពិសោធន៍ នៃការជម្រុញការអនុវត្តសិទ្ធិទទួលបានយុត្តិធម៌” ដែលរៀបចំឡើងដោយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA)។ ចូលរួមក្នុងសិក្ខាសាលាអន្តរជាតិនេះ មានសមាសភាពមកពីសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) គណៈមេធាវីនៃប្រទេសឡាវ(LBA) និងសហព័ន្ធគណៈមេធាវីនៃប្រទេសវៀតណាម (VBF)។ គួររំលឹកថា សិក្ខាសាលាបូកសរុបអន្តរជាតិនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ គណៈមេធាវីកម្ពុជាយើង ជាមួយសហព័ន្ធគណៈមេធាវីជប៉ុន(JFBA) ក៏ដូចជា ជាមួយគណៈមេធាវី នៃប្រទេសឡាវ(LBA) និងសហព័ន្ធគណៈមេធាវីនៃប្រទេសវៀតណាម (VBF) ដែលរហូតមកទល់ ពេលនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំសិក្ខាសាលាអន្តរជាតិអនឡាញ បែបនេះ បានចំនួនបីដងរួចមកហើយ។ លើកទីមួយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើកទីពីរនៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ និងលើកទីបីនេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ តាមការបញ្ជាក់ ក្នុងសិក្ខាសាលាលើកនេះ ភាគីសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) នឹងស្នើសុំមកធ្វើដំណើរទស្សនកិច្ចនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាយើង នាពេលខាងមុខឆាប់ៗនេះ ដែលក្នុងនោះ ក្រោម ការណែនាំពី ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាយើងនឹងផ្តួចផ្តើមឲ្យមានកម្មវិធីសិក្ខាសាលា ឬសន្និសីទអន្តរជាតិណាមួយ ដែលមានសមាសភាពចូលរួមពីបណ្តាគណៈមេធាវី នានាខាងលើនេះ លើប្រធានបទរួមទាក់ទងនឹងសេវាជំនួយផ្នែកច្បាប់(Legal Aid)។