ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
នាព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សាវុធ អគ្គមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ថ្នាក់ដឹកនាំគណៈមេធាវី, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, បុគ្គលិកគណៈមេធាវី សិស្សមេធាវីជំនាន់ទី១៩ និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស ចូលរួមសរុបចំនួន ១៥៦៦នាក់។ ឯកឧត្តមប្រធាន បានថ្លែងក្នុងពិធីបិទថា មហាសន្និបាតប្រចាំឆ្នាំលើកទី២៨ ប្រព្រឹត្តទៅប្រកបដោយភាតរភាព សាមគ្គីភាព និងជោគជ័យ។ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធាន បានដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ចំនួន ១៥ចំណុច ដូចតទៅ៖
១-សិក្សា ស្រាវជ្រាវ និងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាសន្ធានការីក្នុងក្របខ័ណ្ឌ គណៈមេធាវី ដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវៈមេធាវី។
២-បន្តយកចិត្តទុកដាក់ដល់សុខទុក្ខនិងសុខុមាលភាពរបស់មេធាវីដែលមានវ័យចាស់។
៣-បង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេងដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ។
៤-បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ។
៥-សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត។
៦-ដាក់ឱ្យអនុវត្តគម្រោង ”មេធាវីដល់មូលដ្ឋាន” ដើម្បីផ្សព្វផ្សាយពីតួនាទីរបស់មេធាវី និងបញ្ជ្រាបចំណេះដឹង ផ្លូវច្បាប់ជូនមេភូមិ អាជ្ញាធរឃុំ សង្កាត់ អាជ្ញាធរក្រុង ស្រុក ខណ្ឌ។
៧-បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។
៨-បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗ របស់ គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។
៩-បន្តពិនិត្យនិងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។
១០-បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការ ដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។
១១-បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាល នគរបាលយុត្តិធម៌។
១២-បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។
១៣-បន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ។
១៤- បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាល ជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។
១៥-បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបាន កាន់តែប្រសើរឡើង។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន សូមគោរពជូនពរដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមអគ្គព្រះរាជអាជ្ញា គណៈអធិបតី និងសហភាតាទាំងអស់ សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានជ័យជំនះគ្រប់ភារកិច្ច ចៀសផុតពីជម្ងឺគ្រប់បែបយ៉ាង និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កម្មវិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!