ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេងនៅបន្ទប់បណ្ណាល័យគណៈមេធាវី។ កិច្ចប្រជុំនេះមានគោលបំណងបន្តពិភាក្សាវឌ្ឍនភាពការងារដែលបានបែងចែងកាលពីសប្តាហ៍មុន និងកំណត់ទិសដៅការងារសម្រាប់សប្តាហ៍បន្ទាប់។ សមាជិកក្រុមការងារបានរាយការណ៍អំពីលទ្ធផលស្រាវជ្រាវអំពីបញ្ហាប្រឈមរបស់មេធាវីវ័យក្មេង និងយន្តការនានានៅតាមប្រទេសថៃ ជប៉ុន អាមេរិក ឥណ្ឌា សិង្ហបុរី អង់គ្លេស ព្រមទាំងសេចក្តីព្រាងកម្រងសំណួរសម្រាប់ស្ទង់មតិមេធាវីវ័យក្មេងនៅកម្ពុជា ដើម្បីជាមូលដ្ឋានច្បាស់លាស់ឈានដល់ការរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ អង្គប្រជុំក៏បានបន្តពិភាក្សា ចែករំលែកធាតុចូល តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ព្រមទាំងស្ថានភាពជាក់ស្តែងនៅកម្ពុជាផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍ និងការចែករំលែកធាតុចូលរួចមក ឯកឧត្តមប្រធានបានកត់សម្គាល់ថាបច្ចុប្បន្នយន្តការនៅគណៈមេធាវីយើងគឺមានច្រើនដើម្បីជួយមេធាវីវ័យក្មេង រួមមានយន្តការគ្រូកម្មសិក្សា វេទិការជំនួបថ្នាក់ដឹកនាំគណៈមេធាវីនិងមេធាវីទើបចេញប្រកប ព្រមទាំងមេធាវីកម្មសិក្សា កម្មវិធីសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ដល់ក្រុមការងារផ្តោតទៅលើការពង្រឹងយន្តការដែលមានស្រាប់ឱ្យបានរឹងមាំ និងកំណត់គោលដៅ និងសកម្មភាពដែលអាចសម្រេចបានប្រកបដោយប្រសិទ្ធភាព។ សកម្មភាពបន្ទាប់ អង្គប្រជុំបានសម្រេចបន្តស្រាវជ្រាវលើផ្នែកដែលនៅសល់ កែសម្រួលសេចក្តីព្រាងគោលនយោបាយដើម្បីឆ្លើយតបទៅនឹងធាតុចូលរបស់សមាជិក ព្រមទាំងអនុសាសន៍របស់ឯកឧត្តមប្រធាន និងពន្លឿនការស្ទង់មតិឱ្យបានឆាប់រហ័យ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំបន្ទាប់។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!