ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីមេធាវី Delphine GALLIN តំណាងគណៈមេធាវីទីក្រុងម៉ាកសីនៃប្រទេសបារាំង ជួបពិភាក្សាការងារ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីមេធាវី Delphine GALLIN តំណាងគណៈមេធាវីទីក្រុងម៉ាកសីនៃប្រទេសបារាំង ជួបពិភាក្សាការងារ


នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីមេធាវី Delphine GALLIN តំណាងគណៈមេធាវីទីក្រុងម៉ាកសី នៃប្រទេសបារាំង ជួបពិភាក្សាការងារ។ នៅក្នុងជំនួបនេះ លោកស្រីមេធាវី Delphine GALLIN បានជម្រាបឯកឧត្តមប្រធានថានៅខែវិច្ឆិកាខាងមុខនឹងមានការរៀបចំសិក្ខាសាលាស្តីពីការបង្កើតតុលាការពាណិជ្ជកម្ម ដែលផ្តួចផ្តើមឡើងដោយក្រសួងយុត្តិធម៌។ ហេតុនេះបេសកកម្មរបស់លោកស្រីមេធាវីនៅកម្ពុជានាពេលនេះគឺដើម្បីស្វែងយល់អំពីតួអង្គសំខាន់ៗដែលពាក់ព័ន្ធក្នុងការបង្កើតតុលាការពាណិជ្ជកម្ម ដែលគណៈមេធាវីជាតួអង្គដ៏សំខាន់មួយ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននៃការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា និងការចូលរួមរបស់មេធាវីក្នុងការតាក់តែងច្បាប់។ បន្ទាប់ពីជំនួបជាមួយគណៈមេធាវី លោកស្រីមេធាវីក៏នឹងបន្តជួបជាមួយតំណាងក្រសួងយុត្តិធម៌ តំណាងវិស័យឯកជន និងតំណាងសាកលវិទ្យាល័យពាក់ព័ន្ធផងដែរ ដើម្បីរៀបចំជារបាយការណ៍ជូនស្ថានទូតបារាំង និងគណៈមេធាវីបារាំង។ លោកស្រីមេធាវីបានបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីទីក្រុងម៉ាកសីនៃប្រទេសបារាំង បានសម្រួលឱ្យមានជំនួបនាថ្ងៃនេះ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងស្ថាប័នទាំងពីរ។ ឯកឧត្តមប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីមេធាវី និងគាំទ្រគម្រោងរៀបចំសិក្ខាសាលាស្តីពីការបង្កើតតុលាការពាណិជ្ជកម្មនាពេលខាងមុខ។ ឆ្លើយតបទៅសំណួររបស់លោកស្រី ឯកឧត្តមប្រធានក៏បានចែករំលែកអំពីទិដ្ឋភាពទូទៅនៃការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា ការបណ្តុះបណ្តាលមេធាវីលើច្បាប់ថ្មីៗ និងព័ត៌មានអំពីការបណ្តុះបណ្តាលចៅក្រមជំនាញពាណិជ្ជកម្មនាពេលកន្លងមកផងដែរ។ ឯកឧត្តមប្រធានក៏បានគូសបញ្ជាក់ផងដែរថា គណៈមេធាវីជានិច្ចកាលតែងទទួលបានសំណើរផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ពីក្រសួងសាមី ហើយលើសពីនេះក៏មានសមាជិកមេធាវីដែលមានតួនាទីជាទីប្រឹក្សានៅតាមបណ្តាក្រសួងសាមីចូលរួមក្នុងដំណើរការតាក់តែងច្បាប់ផងដែរ។ លោកស្រីមេធាវី Delphine GALLIN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ដែលបានឆ្លៀតពេលពីការបំពេញការងារដ៏មមាញឹកក្នុងការជួប និងឆ្លើយសំណួររបស់លោកស្រីមេធាវី។ ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះលោកស្រីមេធាវី Delphine GALLIN ព្រមទាំងជម្រាបលោកស្រីអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីប្រកួតបាល់ទាត់មេធាវីអាស៊ីកន្លងមក ដែលផ្តួចផ្តើមឡើងដោយមេធាវីបារាំងផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

F1 428626850 913465333906022 7083563334629453612 n

F2 392821963 913465400572682 8276003344107414521 n

F3 428636274 913465470572675 5390148437174554235 n

F4 428626096 913465407239348 826472360014571518 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top