ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេងនៅបន្ទប់បណ្ណាល័យគណៈមេធាវី។ កិច្ចប្រជុំនេះមានគោលបំណងបន្តរាយការណ៍អំពីលទ្ធផលស្រាវជ្រាវអំពីបញ្ហាប្រឈម និងយន្តការគាំទ្រមេធាវីវ័យក្មេងនៅគណៈមេធាវីអន្តរជាតិ គណៈមេធាវីអាស៊ី រួមមាន គណៈមេធាវីសិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ព្រមទាំងវឌ្ឍនភាពនៃការស្ទង់មតិមេធាវីវ័យក្មេងដែលបានចាប់ផ្តើមធ្វើការស្ទង់មតិកាលពីដើមសប្តាហ៍។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្រាវជ្រាវ ព្រមទាំងលទ្ធផលបណ្តោះអាសន្ននៃការស្ទង់មតិ កិច្ចប្រជុំក៏បានបន្តពិភាក្សាលើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង និងចែករំលែកធាតុចូលថ្មីៗបន្ថែមទៀតផងដែរ។ ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ក្នុងការស្រាវជ្រាវ ការចងក្រងសំណួរ ស្ទង់មតិ និងការផ្តល់ធាតុចូលល្អៗសំដៅពន្លឿនឱ្យគោលនយោបាយមេធាវីវ័យក្មេងនឹងលេចចេញជារូបរាងឆាប់ៗនេះ ហើយដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នា ព្រមទាំងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលមេធាវីវ័យក្មេងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននៅកម្ពុជា។ ឯកឧត្តមប្រធាននិងសមាជិកក្រុមការងារទាំងមូលក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមេធាវីវ័យក្មេងទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការសហការផ្តល់ព័ត៌មានក្នុងការស្ទង់មតិផងដែរ។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុល ឯកឧត្តមប្រធាន បានបែងចែកកិច្ចការជូនសមាជិក-សមាជិកា ក្រុមការងារ រួមមាន ការសិក្សាប្រៀបធៀបលម្អិតយន្តការគ្រូកម្មសិក្សានៅកម្ពុជា ជាមួយយន្តការនៅគណៈមេធាវីសិង្ហបុរី និងជប៉ុន ដេីម្បីបន្តកែលម្អរសេចក្តីព្រាងគោលនយោបាយ និងបន្តធ្វើការស្ទង់មតិព្រមទាំងវិភាគទិន្នន័យដែលប្រមូលបាន ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សានៅកិច្ចប្រជុំបន្ទាប់។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!