ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចំនួន ១២ប្រទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចំនួន ១២ប្រទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចំនួន ១២ប្រទេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លី ច័ន្ទតុលា បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម ដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ មកចូលជួបសម្តែងការគួរសម និងបានជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីគោលបំណងដែលគណៈមេធាវី អញ្ជេីញប្រតិភូគណៈមេធាវីអន្តរជាតិមកចូលរួមសន្និសីទអន្តរជាតិក្រោម ប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្និបាត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់ ជាដើម។ ជាការបង្ហាញនូវចក្ខុវិស័យទៅមុខ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយមិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរ គុណ ដល់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី ច័ន្ទតុលា ដែលបានផ្តល់នូវការការពារ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់គណៈប្រតិភូមេធាវីអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទនៅប្រទេសកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកច្បាប់។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» នឹងដំណើរការប្រកបដោយរលូន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN