ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូគណៈមេធាវីអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូគណៈមេធាវីអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈមេធាវីបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។ ក្នុងជំនួបនេះ ឯកឧត្តម កុយ គួង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ពីសំណាក់ឯកឧត្តមប្រធាន និងគណៈប្រតិភូគណៈមេធាវីកម្ពុជា។ ឯកឧត្តម កុយ គួង បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកនេះ ជាពិសេសអំពីវឌ្ឍនភាពថ្មីលើការបើកជើងហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌា។ ក្នុងនោះផងដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងស្ថាប័នគណៈមេធាវីកម្ពុជា និងឥណ្ឌាដើម្បីជាឧត្តមប្រយោជន៍ដល់វិជ្ជាជីវៈមេធាវីទាំងមូល។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានចែករំលែកអំពីទីតាំងសំខាន់ៗ ដែលឯកឧត្តមប្រធាននិងគណៈប្រតិភូអាចឆ្លៀតពេលទស្សនាក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ជាការឆ្លើយតប ឯកឧត្តមប្រធានបានសម្តែងនូវក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម កុយ គួង ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ បន្ថែមលើនេះ ឯកឧត្តមប្រធាន ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបកិច្ចពិភាក្សាការងារជាមួយលោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា និងសហការី លើប្រធានបទសំខាន់ៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដើម្បីបង្កើននូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតសម្រាប់វិជ្ជាជីវៈមេធាវីក្នុងយុត្តាធិការទាំងពីរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!