ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លី សុជាតា នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លី សុជាតា នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី
នារសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា សមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី លី សុជាតា ដែលទេីបសម្រាលបុត្រី មានឈ្មោះ ចូវ ចន្ទមរកត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេចន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ ជូនចំពោះលោកស្រីមេធាវី លី សុជាតា ក្រុមគ្រួសារ និងបុត្រីសូមមានសេចក្តីសុខ និងសុខភាពល្អ។ លោកស្រីមេធាវី លី សុជាតា និងស្វាមី បានសម្តែងនូវក្តីរំភើបរីករាយជូនចំពោះឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់មេធាវីស្ត្រីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី លី សុជាតា បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!