លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសន្តតិកម្ម»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសន្តតិកម្ម»


នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសន្តតិកម្ម» ដែលសហការរៀបចំដោយគណៈមេធាវី និងវិភាគទានច្បាប់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស គឺលោកមេធាវី អ៊ីវ ប៉ូលី និងកញ្ញាមេធាវី ឈុំ មុនីសុជាតា និងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងក្រុមការងារវិភាគទានច្បាប់ ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ២៥២នាក់។ សិក្ខាសាលានេះធ្វើឡើង គឺដើម្បីបង្ហាញនូវសញ្ញាណទូទៅនៃសន្តតិកម្ម ព្រមទាំងការអនុវត្តសន្តតិកម្មចំពោះអចលនវត្ថុ និងការអនុវត្តសន្តតិកម្មចំពោះប្រាក់ក្នុងគណនីធនាគារជាកម្មវត្ថុនៃមត៌កដែលច្រើនជួបប្រទះនៅក្នុងការអនុវត្តជាក់ស្តែង និងថាតើនៅពេលដែលសន្តតិកម្មចាប់ផ្តើម មត៌កនឹងត្រូវចាត់ចែងបែបណា? ប្រសិនបើទ្រព្យនោះជាអចលនវត្ថុ ត្រូវធ្វើការចុះបញ្ជីបែបណា? ហើយបើជាប្រាក់ក្នុងគណនីធនាគារវិញ តើធ្វើយ៉ាងណាទើបអាចដកប្រាក់នោះបាន?។ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ ដោយបានបង្ហាញជូនលោកប្រធាន និងសហភាតាដែលមានវត្តមានក្នុងសាលសិក្ខាសាលាអំពីគម្រោងសរសេរសៀវភៅនីតិសន្តតិកម្ម ដែលបានចាប់ផ្តើមដំណើរការចាប់ពីខែតុលា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការនិពន្ធក្នុងឆ្នាំ២០២៥នេះ។ លោកស្រីបានជម្រាបជូនថា សៀវភៅនីតិសន្តតិកម្ម នឹងក្លាយជាវណ្ណកម្មថ្មីមួយក្នុងវិស័យច្បាប់ ដែលអាចឱ្យអ្នកច្បាប់ អ្នកសិក្សាស្រាវជ្រាវច្បាប់ ក៏ដូចជានិស្សិតច្បាប់ បានសិក្សាស្វែងយល់យ៉ាងលម្អិតអំពីសន្តតិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ នៅក្នុងគម្រោងសរសេរសៀវភៅនេះ វិភាគទានច្បាប់ក៏បានរៀបចំសិក្ខាសាលាទេសចរណ៍ ជាទម្រង់នៃសិក្ខាសាលាមួយដែលសហអ្នកនិពន្ធចូលរួមជាវាគ្មិនធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងសន្តតិកម្ម នៅតាមបណ្តាស្ថាប័ន ឬសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងច្បាប់ តួយ៉ាងដូចជាសិក្ខាសាលានៅគណៈមេធាវីនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសៀវភៅ បញ្ជ្រាបចំណេះដឹងច្បាប់ ក៏ដូចជាប្រមូលធាតុចូលសម្រាប់ការសរសេរសៀវភៅផងដែរ។ ជាចុងក្រោយ លោកស្រីបានថ្លែងអំណរគុណលោកប្រធាន ដែលបានអនុញ្ញាតឱ្យវិភាគទានច្បាប់ រៀបចំសិក្ខាសាលានាថ្ងៃនេះ ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងវិភាគទានច្បាប់ នឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី មានមតិផ្តាំផ្ញើឱ្យបងប្អូនសហភាតា ត្រូវត្រងត្រាប់ស្តាប់ និងចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីពង្រឹងការយល់ដឹងពាក់ព័ន្ធនឹងប្រធានបទខាងលើ ពីវាគ្មិនកិត្តិយសទាំងពីររូប ជាពិសេសការចូលរួមរបស់បងប្អូនសហភាតានូវរាល់សកម្មភាពរបស់គណៈមេធាវី គឺបង្ហាញពីសាមគ្គីភាព និងស្របតាមគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៩ចំណុច របស់លោកប្រធាន ក្រោមចក្ខុវិស័យ គឺរួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។ ចុងបញ្ចប់នៃកម្មវិធី លោកមេធាវី អ៊ុំ រតនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញថ្លែងសុន្ទរកបិទកម្មវិធី និងបានថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំងពីររូប និងបងប្អូនសហភាតា ដែលបានចំណាយពេលពេញមួយរសៀលចូលរួមសិក្ខាសាលា។

B1 496000274 1217250843527468 5923403653782753193 n

B2 496003937 1217251900194029 3505576672027528152 n

B3 495316623 1217251573527395 5474662981714952247 n

B4 495297790 1217252080194011 6566208349146887740 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top