លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសំដែងការគួរសម និងសំណេះសំណាលការងារជាមួយនឹងស្ថាប័ន L2 i-Con ម៉ាឡេស៊ី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសំដែងការគួរសម និងសំណេះសំណាលការងារជាមួយនឹងស្ថាប័ន L2 i-Con ម៉ាឡេស៊ី
នារសៀល ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសំដែងការគួរសម និងសំណេះសំណាលការងារជាមួយនឹងស្ថាប័ន L2 i-Con ម៉ាឡេស៊ី ដែលដឹកនាំដោយលោក Hong Kit LEONG សហស្ថាបនិកនៃ L2 i-Con។ គួរបញ្ជាក់ថា L2 i-Con ជាស្ថាប័នអន្តរជាតិមួយដែលមានទីតាំងនៅអាស៊ី និងតំបន់មជ្ឈិមបូព៌ា ហើយធ្វើការលើការរៀបចំកម្មវិធីផ្សេងៗ (Event Management) និងប្រឹក្សាយោបល់។ ស្ថាប័ននេះតែងតែរៀបចំសន្និសីទលំដាប់អន្តរជាតិ តាមរយៈការបង្កើតនូវឱកាសបង្កើតទំនាក់ទំនងក្នុងតំបន់ ដោយធ្វើការបង្ហាញនូវ បទពិសោធន៍ និងចំណេះដឹងដែលវាគ្មិនមាន ហើយប្រមូលផ្តុំគ្នាជាសហគមន៍អន្តរជាតិមួយ។ ការរៀបចំកម្មវិធីរបស់ L2 i-Con ផ្តោតលើកិច្ចការពាក់ព័ន្ធនឹងសំណង់តាមរយៈការបង្កើតជាសន្នសីទដោយមាន ការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញលើវិស័យសំណង់ និងផ្តល់ប្រឹក្សាយោបល់លើការងារទាំងអស់នោះផងដែរ។ ជាកិច្ចចាប់ផ្តើមនៃជំនួប លោក Hong Kit LEONG បានធ្វើការបង្ហាញអំពីកិច្ចការដែល L2 i-Con បាននិងកំពុងធ្វើ ដោយផ្សារភ្ជាប់នឹង ESG ADR Forum ដែលជាគំនិតផ្តួចផ្តើមមួយរបស់ L2 i-Con ផ្តោតសំខាន់លើកំណត់អំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ហើយនឹងព្យាយាមស្វែងរកដំណោះស្រាយឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាព។ ភ្ជាប់ជាមួយគ្នានេះ ប្រតិភូ L2 i-Con ក៏បានលើកឡើងនូវសំណើមួយចំនួន ក្នុងគោលដៅបង្កើតកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវី រួមមាន៖
១. ការអញ្ជើញតំណាងគណៈមេធាវីចូលរួមជាក្រុមការងាររបស់ ESG ADR
២. រួមគ្នាអភិវឌ្ឍនូវបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ADR តាមរយៈការបង្កើតជាពាក្យពេចន៍ដែលអាចប្រើប្រាស់រួមគ្នា សម្រាប់កិច្ចការងារនេះ
៣. បង្កើតនូវយន្តការក្នុងការពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក តាមរយៈការបង្កើតជាវគ្គបណ្តុះបណ្តាលរួមគ្នាអំពីយន្តការដោះស្រាយវិវាទ ក៏ដូចជាបង្កើតនូវពាក្យពេចន៍សម្រាប់ប្រើប្រាស់រួមក្នុងវិស័យនេះ។ ជាការឆ្លើយតប លោកប្រធានបានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ L2 i-Con និងបង្ហាញនូវការយល់ឃើញជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមមួយនេះ ព្រមទាំងបានបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងពិចារណាអំពីសំណើដែលបានមក ហើយពិនិត្យមើលលទ្ធភាពក្នុងការសហការគ្នាជាបន្តបន្ទាប់។ ជាចុងបញ្ចប់ លោកប្រធានបានអញ្ជើញប្រតិភូ L2 i-Con ធ្វើទស្សនកិច្ចជុំវិញអគារគណៈមេធាវី និងបង្ហាញបន្ទប់សំខាន់ៗរបស់គណៈមេធាវីដូចជាសាលឧត្តមភាព បន្ទប់ប្រជុំក្រុមប្រឹក្សា និងបន្ទប់កិត្តិយសជាអាទិ៍។