លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល
នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលរំដួល វិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ កម្មវិធីកែទម្រង់ច្បាប់ ជាកម្មវិធីកែទម្រង់គន្លឹះមួយក្នុងចំណោមកម្មវិធីកែទម្រង់ច្បាប់ទាំង៥របស់រាជរដ្ឋាភិបាល ដែលរួមមាន៖១. កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២.កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៣.កម្មវិធីជាតិកែទម្រង់ច្បាប់ ៤.កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥.កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដើម្បីឱ្យកម្មវិធីកែទម្រង់ច្បាប់ដំណើរការទៅយ៉ាងរលូន គណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច) ព្រមទាំងក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឱ្យអនុវត្ត ដោយកំណត់នូវចក្ខុវិស័យក្នុងការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋ ដោយផ្អែកទៅលើគុណតម្លៃប្រវត្តិសាស្ត្ររបស់កម្ពុជា និងគុណតម្លៃសកល។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ហើយកម្មវិធីកែទម្រង់ច្បាប់ទាំង៥នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការកែទម្រង់ច្បាប់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ជាចុងបញ្ចប់ សម្តេចមហាបវរធិបតី បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងប្រគល់ឯកសារក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលជូនដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។