លោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចូលជួបសំដែងការគួរសម

លោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចូលជួបសំដែងការគួរសម


នាថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតនីតិសាស្ត្រភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Margaret Ryan នាយិកាថ្នាក់បរិញ្ញាបត្រសិក្សាភាសាអង់គ្លេស ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍មួយចំនួនទាក់ទិនទៅនឹងវិជ្ជាជីវៈមេធាវី។ ជាកិច្ចចាប់ផ្តើម លោកប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្អូនៗនិស្សិតឆ្នើមទាំង៣រូប និងសាស្ត្រាចារ្យផ្នែកនីតិសាស្ត្រទាំងអស់ដែលមានវត្តមានក្នុងបន្ទប់ប្រជុំ។ ក្នុងឱកាសនោះ លោកប្រធានបានរម្លឹកអំពីការតស៊ូសិក្សារហូតបានប្រលងជាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ឆ្នាំ១៩៩៥ ខណៈដែលពេលនោះកម្ពុជាទើបបានឆ្លងផុតពីភ្លើងសង្គ្រាម គឺមានការលំបាកខ្លាំងណាស់ ទាំងជីវភាពរស់នៅ និងមធ្យោបាយធ្វើដំណើរទៅសិក្សា ក៏ត្រូវពឹងពាក់ អាស្រ័យបងប្អូនមិត្តភក្តិដែរ ប៉ុន្តែជំនាន់ប្អូនៗ ប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងតមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្អូនៗមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រគ្រប់ជំនាញទៅតាមអ្វីដែលខ្លួនពេញចិត្ត ជាពិសេសវិស័យនីតិសាស្ត្រ ក៏មានសាស្ត្រាចារ្យប្រកបដោយសមត្ថភាពខ្ពស់ ដែលអាចផ្តល់នូវពុទ្ធិផ្នែកច្បាប់បានយ៉ាងទូលំទូលាយដល់និស្សិត។ លោកប្រធាន ក៏បានបញ្ជាក់ជូនក្រុមនិស្សិតថា វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈសេរី ដែលប្អូនៗពុំគប្បីមើលរំលង ហើយប្អូនៗជានិស្សិតពូកែ មានសមត្ថភាពខ្ពស់ និងអាចនិយាយភាសាអង់គ្លេសស្ទាត់ជំនាញ គឺជាធនធានមួយដែលគណៈមេធាវីត្រូវការ ដើម្បីរួមគ្នាធ្វើការងារ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងលើកទឹកចិត្តឱ្យប្អូនៗដាក់ពាក្យប្រឡងចូលរៀនវីជ្ជាជីវៈមេធាវី ជំនាន់ទី២១ និងចងចាំនូវពាក្យថា «ចេះជាងគេ គឺជាប់»។ លោកស្រីសាស្ត្រាចារ្យ Margaret Ryan នាយិកាថ្នាក់បរិញ្ញាបត្រសិក្សាភាសាអង់គ្លេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានគណៈមេធាវី ដែលបានឆ្លៀតឱកាសដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និងសាស្ត្រាចារ្យ រួមទាំងនិស្សិតបានជួបសំដែងការគួរសម និងទទួលបានអនុសាសន៍ល្អជាច្រើន ទាក់ទងវិជ្ជាជីវៈមេធាវី ។ លោកស្រីក៏ឆ្លៀត ថ្លែងអំណរគុណដល់លោកប្រធាន ដែលបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០០០ដុល្លារអាមេរិក ដល់និស្សិតអាហារូបករណ៍មានលទ្ធភាពបានទៅចូលរួមប្រកួតប្រជែងផ្នែកច្បាប់នៅប្រទេសហូឡង់ នាពេលកន្លងមកផងដែរ។ ចុងបញ្ចប់នៃជំនួប លោកប្រធាន បានជូនពរប្អូនៗនិស្សិតបរិញ្ញាបត្រសិក្សាភាសាអង់គ្លេសកំពុងសិក្សាឆ្នាំទី៤ទាំងអស់ សូមទទួលជោគជ័យក្នុងការសិក្សារបស់ខ្លួន និងជ្រើសនូវជំនាញវិជ្ជាជីវៈដែលខ្លួនស្រឡាញ់ពេញចិត្តដូចបំណង។

D1 541002592 1311559887429896 5852854871080006621 n

D2 541025229 1311559897429895 1622889116263157979 n

D3 541365353 1311559920763226 4347227614401379453 n

D4 541366480 1311559854096566 2561827515646309296 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top