ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៅសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ប្រទេសជប៉ុន
ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៅសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ប្រទេសជប៉ុន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងប្រតិភូគណៈមេធាវីនឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង ២៣:៥៩នាទី បន្ទាប់ពី លោកប្រធាន និងប្រតិភូគណៈមេធាវី ទៅទស្សនកិច្ចរយៈពេល ៥(ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ប្រទេសជប៉ុន ដែលតបតាមការអញ្ជើញរបស់លោកស្រី Reiko Fuchigami (រ៉េកុ ហ្វូឈិហ្គាមិ) ប្រធានសហព័ន្ធគណៈ មេធាវីជប៉ុន (JFBA)។ ជាលទ្ធផលរយៈពេល ៥(ប្រាំ)ថ្ងៃ នៅសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ប្រទេសជប៉ុន មានដូចតទៅ៖ លោកប្រធាននិងប្រតិភូគណៈមេធាវីបានអញ្ជើញជួបប្រជុំ ទ្វេភាគីជាមួយលោកស្រី Reiko Fuchigami (រ៉េកុ ហ្វូឈិហ្គាមិ) ប្រធានសហព័ន្ធគណៈមេធាវី ជប៉ុន (JFBA) ទស្សនកិច្ចនៅសាលាដំបូងតូក្យូ សម្តែងការគួរសមជាមួយលោក ឈិន ធឿនហ័រ (CHIN TIANHUA) ប្រធានក្រុមហ៊ុនមេធាវី King & Wood Mallesons និងលោកមេធាវី ម៉ៃឃល អេនទ្រេស ម៉ូល័រ (Michael Andreas Mueller) ប្រធានការិយាល័យមេធាវី Mueller ដែលជាក្រុមហ៊ុនមេធាវីនិងការិយាល័យមេធាវីបរទេសប្រកបវិជ្ជាជីវៈមេធាវីនៅប្រទេសជប៉ុន ដោយលោកប្រធាន និងគណៈប្រតិភូបានចូលរួមស្តាប់ការចែករំលែកបទពិសោធន៍របស់មេធាវី បរទេសដែលកំពុងប្រកបវិជ្ជាជីវៈមេធាវីនៅប្រទេសជប៉ុន និងស្តាប់អ្នកជំនាញការជប៉ុនធ្វើបទបង្ហាញលើប្រធានបទស្តីពី «ប្រព័ន្ធមេធាវីបរទេសនៅជប៉ុន» និង «ការប្រកបវិជ្ជាជីវៈរបស់ មេធាវីបរទេសនៅជប៉ុន»។ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងលោកស្រី Reiko Fuchigami (រ៉េកុ ហ្វូឈិហ្គាមិ) ប្រធានសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការចម្បងៗមួយចំនួនដូចជា៖ ការប្រកបវិជ្ជាជីវៈមេធាវីបរទេស ការបណ្តុះបណ្តាលច្បាប់ ការ ផ្សព្វផ្សាយច្បាប់ និងកិច្ចការងារសំខាន់ៗផ្សេងទៀត ដែលតម្រូវឱ្យមានការគាំទ្រគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ។ បន្ថែមជាងនេះភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការងារវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ ជាពិសេសច្បាប់ផ្នែករដ្ឋប្បវេណី ដោយរាប់បញ្ចូលទាំងការជួយបណ្តុះបណ្តាលធនធាន មនុស្សរបស់គណៈមេធាវីកម្ពុជា នាពេលកន្លងមក ។ ឆ្លៀតក្នុងឱកាសនោះភាគីទាំងពីរក៏បានរំលឹកថានៅឆ្នាំ ២០២៥នេះ គឺជាខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់សហព័ន្ធគណៈមេធាវីជប៉ុន និង គណៈមេធាវីកម្ពុជា ដោយស្ថាប័នទាំងពីរបានបន្សល់ទុកនូវកិច្ចសហការដ៏ល្អស្ទើរគ្រប់វិស័យ។ សាលាដំបូងតូក្យូបានចាត់ទុកវត្តមានរបស់ លោកមេធាវី សាំង វណ្ណៈ និងប្រតិភូគណៈមេធាវីកម្ពុជា គឺជាចំណងដ៏រឹងមាំបន្ថែមទៀត នៃកិច្ចសហការផ្នែកវិជ្ជាជីវៈច្បាប់ និងបានសាទរចំពោះកិច្ចសហការដ៏រឹងមាំរវាងគណៈមេធាវីកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន នាពេលកន្លងមកឱ្យកាន់តែប្រសើរល្អបន្ថែមទៀត ក៏ដូចជាពេលបច្ចុប្បន្ននិងទៅអនាគត ។ លោកមេធាវី សាំង វណ្ណៈ រំលឹកបន្ថែមចំពោះមុខភាគីជប៉ុនថា កិច្ចសហការនេះនឹងនៅស្ថិតស្ថេរទៅបានអាស្រ័យលើប្រទេសមានសុខសន្តិភាព ប្រជាជនកម្ពុជាទាំងមូល «អរគុណសន្តិភាព» និងដឹងគុណជានិច្ចចំពោះស្ថាបនិកនិងអ្នកថែរក្សាសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ប្រតិភូគណៈមេធាវីកម្ពុជា ក៏បានទស្សនកិច្ច និងស្តាប់ការចែករំលែកបទពិសោធន៍របស់មេធាវី បរទេសកំពុងប្រកបវិជ្ជាជីវៈនៅជប៉ុន ក្នុងនោះលោកមេធាវី ឈិន ធឿនហ័រ (CHIN TIANHUA) ប្រធានក្រុមហ៊ុនមេធាវី King & Wood Mallesons (ជាមេធាវីបរទេសមានសញ្ជាតិចិន ដែលត្រូវបានទទួលស្គាល់ពីគណៈ មេធាវីជប៉ុន) និងលោកមេធាវី ម៉ៃយល អេនទ្រេស ម៉ូល័រ (Michael Andreas Mueller) ប្រធានការិយាល័យមេធាវី Mueller (មេធាវីបរទេសមានសញ្ជាតិអាល្លឺម៉ង់) និងបានចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ប្រកបដោយស្មារតីភាតរភាព និងផ្តល់ធាតុចូលបន្ថែមទៀតសម្រាប់កម្ពុជា ដើម្បីបានត្រៀមខ្លួនក្នុងការរៀបចំវិធាននានាពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវីបរទេសនៅកម្ពុជា នាពេលអនាគត។ មេធាវីបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈមេធាវីនៅជប៉ុនដែលមានសញ្ជាតិអាល្លឺម៉ង់ សញ្ជាតិអង់គ្លេស និងសញ្ជាតិចិន បានបង្ហាញពីចំណាប់អារម្មណ៍ថា ប្រព័ន្ធច្បាប់មេធាវីបរទេសរបស់ជប៉ុនមានលក្ខណៈច្បាស់លាស់អំពីវិសាលភាពនៃការងារដែលមេធាវីបរទេស អាចធ្វើបាន និងធ្វើមិនបាន របៀបរៀបចំការចុះបញ្ជី នីតិវិធីនៃការទទួលបាននីតិសម្បទា ការអនុវត្តគឺដូចអ្វី ដែលវិធានបានចែង ប៉ុន្តែការលំបាកនៅតែមានដូចជា៖ ពាក់ព័ន្ធនឹងបញ្ហាពន្ធ របៀបទំនាក់ទំនងជាមួយជនជាតិជប៉ុន គោលការណ៍បដិការ និងការទិញធានារ៉ាប់រង ជាអាទិ៍។ លោកមេធាវី សាំង វណ្ណៈ និងប្រតិភូគណៈមេធាវី បានគូសបញ្ជាក់បន្ថែមនៅចំពោះមុខភាគីជប៉ុនថា ទស្សនកិច្ចនេះ បានទទួលផ្លែផ្កា និងប្រយោជន៍ជាច្រើនសម្រាប់គណៈមេធាវីកម្ពុជា ក្នុងការរៀបចំផែនការសកម្មភាពបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការពង្រីកទីផ្សារមេធាវីកម្ពុជា និងការរឹតចំណងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ សហព័ន្ធគណៈមេធាវីជប៉ុនបានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេស ដោយនឹងបញ្ជូនអ្នកជំនាញការ(សាស្ត្រាចារ្យ HOMMA YUSHIKO និងសាស្ត្រាចារ្យ KAMIKI ASHUSHI) សម្រាប់ជួយផ្តល់យោបល់ជូនក្រុមការងារគណៈមេធាវីកម្ពុជាក្នុងការរៀបចំផ្សព្វផ្សាយច្បាប់រដ្ឋប្បវេណី ដើម្បីជួយបង្កើនសមត្ថភាពមេធាវីកម្ពុជាមួយកម្រិតបន្ថែមទៀត។