ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន
ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន
នាម៉ោង ១២ រំលងអធ្រាត្រថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈមេធាវី ធ្វើមាតុភូមិនិវត្តន៍ត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ។ គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់សហព័ន្ធគណៈមេធាវីជប៉ុន (JFBA) លោកស្រី Reiko Fuchigami (រ៉េកុ ហ្វូឈិហ្គាមិ) ប្រធានសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) លោកមេធាវី សាំង វណ្ណៈ បានដឹកនាំប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន រយៈពេល៥(ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រតិភូគណៈមេធាវី បានជួបប្រជុំទ្វេភាគីជាមួយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ទស្សនកិច្ចនៅសាលាដំបូងតូក្យូ ជួបសម្តែងការគួរសមនិងពិភាក្សាជាមួយក្រុមហ៊ុនមេធាវី King & Wood Mallesons និងការិយាល័យមេធាវី Mueller ដែលជាក្រុមហ៊ុនមេធាវីនិងការិយាល័យមេធាវីបរទេសកំពុងប្រកបវិជ្ជាជីវៈមេធាវីនៅប្រទេសជប៉ុន ។ ឆ្លៀតក្នុងឱកាសនោះប្រតិភូគណៈមេធាវី បានជួបប្រជុំពិភាក្សាការងារជាមួយសាស្រ្តារចារ្យនិងជំនាញការច្បាប់ជប៉ុន ដើម្បីទទួលបានធាតុចូលបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់សហភាតាក្នុងការប្រកបវិជ្ជាជីវៈមេធាវី ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រតិភូគណៈមេធាវីកម្ពុជា ទទួលបានលទ្ធផលជោគជ័យនិងប្រយោជន៍ជាច្រើនសម្រាប់គណៈមេធាវី ជាពិសេសអ្វីដែលទទួលបានលើសការរំពឹងទុកនោះ គឺសហព័ន្ធគណៈមេធាវីជប៉ុន សន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេស ដោយបញ្ជូនអ្នកជំនាញការ(សាស្រ្តាចារ្យ HOMMA YUSHIKO និងសាស្រ្តាចារ្យ KAMIKI ASHUSHI) សម្រាប់ជួយផ្តល់យោបល់ជូនក្រុមការងារគណៈមេធាវីកម្ពុជាក្នុងការរៀបចំផ្សព្វផ្សាយក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី ដើម្បីជួយបង្កើនសមត្ថភាពមេធាវីកម្ពុជាមួយកម្រិតបន្ថែមទៀត ។