លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដឹកនាំបេក្ខជននៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ និងក្រុមការងារ ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដឹកនាំបេក្ខជននៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ និងក្រុមការងារ ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍
នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ ដឹកនាំបេក្ខជននៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ និងក្រុមការងារ ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ពីលោកប្រធាន នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ បានជម្រាបជូនលោកប្រធានអំពីសមាសភាពក្រុមការងារដែលចូលរួមគ្រប់គ្រង និងរៀបចំដំណើរការនៃការប្រកួតប្រជែង អ្នកឧបត្ថម្ភគាំទ្រ និងបេក្ខជន ព្រមទាំងនីតិវិធីនៃការប្រកួតប្រជែង ដើម្បីជ្រាបកាន់តែច្បាស់នូវដំណើរការនៃការប្រកួត។ លោកស្រីស្ថាបនិក ក៏បានថ្លែងអំណរគុណលោកប្រធានដែលបានអនុញ្ញាតឱ្យលោកស្រីដឹកនាំបេក្ខជន និងក្រុមការងារចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ ដោយនេះជាការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ មកដល់ក្រុមការងារក្នុងការរៀបចំកិច្ចការបន្តទៅមុខទៀត។ ថ្លែងក្នុងឱកាសនេះ លោកប្រធាន បានសំដែងនូវការសាទរ និងគាំទ្រចំពោះវិភាគទានច្បាប់ ដែលបានរៀបចំនូវកម្មវិធីដ៏មានសារសំខាន់មួយនេះ។ លោកប្រធានបានធ្វើការបញ្ជាក់ថា បន្ទាប់ពីបានស្តាប់អំពីដំណាក់កាលនីមួយៗនៃការប្រកួតរួចមក ឃើញថា កម្មវិធីនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បេក្ខជន ដោយអាចឱ្យបេក្ខជនហ្វឹកហាត់សមត្ថភាពទាំងលើជំនាញទន់ និងជំនាញរឹង ជាពិសេសការបង្ហាញសមត្ថភាពក្នុងការធ្វើបទបង្ហាញ ការនិយាយជាសាធារណៈ ក៏ដូចជាភាពបត់បែន ភាពឈ្លាសវៃ និងភាពក្លាហានផងដែរ។ លោកប្រធាន បានផ្តល់មតិលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូបង្វឹក និងការចូលរួមក្នុងកម្មវិធីផ្សេងៗដែលកម្មវិធីរៀបចំ និងបានផ្តាំផ្ញើទៅកាន់បេក្ខជនទាំងអស់ថា លទ្ធផលនៃការប្រកួតប្រជែង មានជាប់ មានធ្លាក់ជារឿងធម្មតា ហេតុនេះសូមកុំបាក់ទឹកចិត្ត ហើយខិតខំប្រឹងប្រែងទៅមុខបន្តទៀត។ បណ្តាញសង្គមរបស់គណៈមេធាវី៖
✅FB Page(BAKC): JOIN
✅Channel Telegram: JOIN
✅Channel YouTube: JOIN