លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវេទិកាប្រកួតប្រជែងសមត្ថភាពស្ដ្រីលើវិស័យច្បាប់ រដូវកាលទី២
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវេទិកាប្រកួតប្រជែងសមត្ថភាពស្ដ្រីលើវិស័យច្បាប់ រដូវកាលទី២
នៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក «វេទិកាប្រកួតប្រជែងសមត្ថភាពស្ដ្រីលើវិស័យច្បាប់ រដូវកាលទី២» ដែលរៀបចំដោយកម្មវិធី «វិភាគទានច្បាប់» ដោយមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, សាស្រ្តាចារ្យ, គ្រូបណ្តុះបណ្តាល, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកាវិភាគទានច្បាប់ និងបេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង។ ជាកិច្ចចាប់ផ្តើម លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ បានលើកឡើងពីប្រវត្តិនៃវេទិកានេះ ព្រមទាំងលក្ខខណ្ឌ និងនីតិវិធីនៃការប្រកួតប្រជែងដែលចែកចេញជា ៤ដំណាក់កាល និងត្រូវចំណាយពេល ៦ខែក្នុងការប្រកួតប្រជែង ដើម្បីជ្រើសរើសយកជ័យលាភី។ ក្រោយពីបានស្តាប់ការលើកឡើងរបស់ស្ថាបនិកវិភាគទានច្បាប់រួចមក លោកប្រធានគណៈមេធាវីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារវិភាគទានច្បាប់ ដែលបានបង្កើតនូវកម្មវិធីនេះឡើង ដើម្បីជាប្រយោជន៍ដល់អ្នកច្បាប់ សាធារណជន និងសង្គមជាតិ ដោយទទួលបានការសាទរ និងគាំទ្រពីថ្នាក់ដឹកនាំ។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី ក៏បានកោតសរសើរចំពោះបេក្ខនារីដែលមានភាពក្លាហាន ក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងដោយបានជ្រើសរើសប្រធានបទល្អៗយកមកប្រកួតប្រជែងនាពេលនេះ។ លោកប្រធានគណៈមេធាវី បានកត់សម្គាល់ថា សង្គមជាតិមានវឌ្ឍនភាពល្អប្រសើរ អាស្រ័យដោយពលរដ្ឋមានការយល់ដឹង និងចូលរួមទាំងអស់គ្នា ជាពិសេស ការចូលរួមរបស់ស្ត្រីមានសារៈសំខាន់ណាស់ ក្នុងវប្បធម៌ និងសង្គមខ្មែរយើង ដែលគោរពសមភាពយែនឌ័រ ទទួលស្គាល់ស្រ្តីជាអ្នកនាំសិរីសួស្ដីដល់ក្រុមគ្រួសារ និងប្រកាន់ទំនៀមមាតាធិបតេយ្យ។ ជាមួយគ្នានោះ លោកប្រធាន បានផ្តល់នូវមតិណែនាំនិងលើកទឹកចិត្តដល់បេក្ខនារីដែលបានចូលរួមប្រកួតប្រជែងទាំងអស់ ឱ្យខិតខំបញ្ចេញអស់ពីសមត្ថភាព ដើម្បីយកជ័យលាភីនាពេលខាងមុខ។ នៅចុងបញ្ចប់នៃកម្មវិធី លោកប្រធានគណៈមេធាវី បានជូនពរ គណៈអធិបតី ស្ថាបនិកនិងក្រុមការងារវិភាគទានច្បាប់ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្ត្រាចារ្យ គ្រូបណ្តុះបណ្តាល និងបេក្ខនារីទាំងអស់ និងបានប្រកាសបើកវេទិកាប្រកួតប្រជែងសមត្ថភាពស្ដ្រីលើវិស័យច្បាប់ រដូវកាលទី២ ចាប់ពីពេលនេះតទៅ។




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070