លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈមេធាវីឥណ្ឌា
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈមេធាវីឥណ្ឌា
នារសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈមេធាវីឥណ្ឌា។ ពិធីស្វាគមន៍នេះធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ទីប្រឹក្សាប្រធានគណៈមេធាវី ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប និងសមាជិកមេធាវី។ គណប្រតិភូគណៈមេធាវីឥណ្ឌា ដឹកនាំដោយលោកមេធាវី Prasant Kumar ប្រធានគណៈមេធាវីឥណ្ឌា និងមានការចូលរួមពីថ្នាក់ដឹកនាំគណៈមេធាវីឥណ្ឌា គណៈមេធាវីប្រចាំតុលាការកំពូល ព្រមទាំងអតីតសមាជិកសភាផងដែរ។ ថ្លែងនៅក្នុងជំនួបនោះ លោកប្រធានបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកមេធាវី Prasant Kumar និងគណប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជាសារជាថ្មី ជាពិសេសបានមកកាន់ខេត្តសៀមរាបដើម្បីរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក។ លោកប្រធានក៏បានគូសបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈមេធាវីឥណ្ឌានាពេលនេះនឹងមានភាពសប្បាយរីករាយ ដោយហេតុថានៅកម្ពុជាសព្វថ្ងៃមានសន្តិភាពពេញលេញ ប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង។ ជាការឆ្លើយតប លោកមេធាវី Prasant Kumar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធាន ដែលបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដល់គណប្រតិភូគណៈមេធាវីឥណ្ឌា តាមរយៈការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកមេធាវី Prasant Kumar ក៏បានអបអរសាទរលោកប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីដែលត្រូវបានជាប់ឆ្នោតនៅក្នុងមហាសន្និបាតនាពេលថ្មីៗកន្លងទៅនេះ និងសន្យាបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីឱ្យកាន់តែជិតស្និទបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកមេធាវី Prasant Kumar ក៏បានអញ្ជើញលោកប្រធានចូលរួមកិច្ចប្រជុំប្រធានគណៈមេធាវី និងសន្និសីទអន្តរជាតិស្តីពីនីតិរដ្ឋលើកទី២ នៅប្រទេសឥណ្ឌា នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ មុននឹងបញ្ចប់កម្មវិធី ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកគណប្រតិភូស្ថាប័នទាំងពីរបានថតរូបជាអនុស្សារីយ៍ប្រកបដោយភាពជិតស្និទនិងសប្បាយរីករាយ។ សូមគូសបញ្ជាក់ផងដែរថាក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូគណៈមេធាវីឥណ្ឌា លោកប្រធានបានចាត់ក្រុមការងារទទួលបដិសណ្ឋារកិច្ចគណប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអមដំណើរដល់ខេត្តសៀមរាប។