លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបាឋកថា ស្តីពី «វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបាឋកថា ស្តីពី «វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី»


នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹង ស្តីពី «វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកប​វិជ្ជាជីវៈមេធាវី» ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានចូលរួមប្រមាណ ៤០០នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ពិធីនេះក៏មានការចូលរួមជាសហគណៈអធិបតី គឺអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមានការចូលរួមពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។ អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងដែរថា ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ, សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវកម្មវិធីបាឋកថា សិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្រ​ជាច្រើនដង និងជាប្រចាំឆ្នាំ តាមរយៈជំនាញផ្សេងៗគ្នានៃមហាវិទ្យាល័យនីមួយៗ និងថ្នាក់ក្រោយឧត្តមសិក្សា។ អ្នកឧកញ៉ា បានបន្ថែមថា ជាសក្ខីភាព សាកលវិទ្យាល័យ បានប្រារព្ធនូវកម្មវិធីបាឋកថា ដែលបានទទួលវាគ្មិនជំនាញវិជ្ជាជីវៈ ដែលជាថ្នាក់ដឹកនាំគណៈមេធាវី មកធ្វើបទបង្ហាញ ដើម្បីផ្តល់នូវចំណេះដឹង ពិសោធន៍ជាក់ស្តែងអំពីវិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី ដែលប្រធានបទនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ជាពិសេសសម្រាប់អ្នកសិក្សា ជំនាញ នីតិសាស្រ្ត នេះតែម្តង។ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈច្បាប់ដ៏សំខាន់មួយ និងជាគោលដៅដ៏ចម្បងមួយផងដែរ សម្រាប់និស្សិតច្បាប់ ដែលបានជ្រើសរើសយកជំនាញនេះ។ ក្នុងឱកាសនោះលោកមេធាវី សាំង វណ្ណៈ បានឱ្យដឹងដែរថា តួនាទីរបស់មេធាវី ដែលរួមមាន ការតំណាង ការការពារក្ដី ការប្រឹក្សាយោបល់ និងតាក់តែងលិខិតស្នាមគតិយុត្ត ក៏ដូចជាការធ្វើជាអាជ្ញាកណ្ដាល អ្នកផ្សះផ្សា ឬ អ្នកសម្រុះសម្រួល ជាអាទិ៍ កាន់តែមានសារៈសំខាន់ ខណៈពេលដែលសង្គមត្រូវបានធ្វើទំនើបកម្ម និងមានការវិវត្តន៍ឥតឈប់ឈរ។ ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋអាចមានការលំបាក ក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវ​តាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ហេតុនេះ តួនាទីរបស់មេធាវីកាន់តែមានភាពចាំបាច់ ដើម្បីធានាបាននូវសុវត្ថិភាពគតិយុត្តនៃសកម្មភាពអាជីវកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃ​មួយចំនួនរបស់​ប្រជាពលរដ្ឋ​ ។ ក្នុងនាមជាប្រធានស្ថាប័នបម្រើដល់ការអនុវត្តច្បាប់ និងយុត្តិធម៌សង្គម លោកប្រធានគណៈមេធាវីក៏បានលើកទឹកចិត្ត ប្អូនៗជានិស្សិតទាំងអស់ ពិសេសនិស្សិតជំនាញនីតិសាស្ត្រ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងត្រូវស្វែងយល់អំពីរីកចម្រើននៃសង្គមជាតិ ត្រូវមានសុទិដ្ឋិនិយមចំពោះការដឹកនាំនៃស្ថាប័ននានារបស់ជាតិ ប្រព័ន្ធយុត្តិធម៌ ដំណើរការនៃការពង្រឹងនីតិរដ្ឋនៅកម្ពុជា ការអនុវត្តច្បាប់ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងតថភាពជាក់ស្តែងនៃសង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងស្ថានភាពនៃប្រជាជន។ បន្ថែមពីនេះ លោកប្រធានគណៈមេធាវី បានគូសបញ្ជាក់ថា គោលនយោបាយដឹកនាំទាំង ៩ ចំណុច ដែលលោកប្រធានបានដាក់ចេញ ជាពិសេស ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់អ្នកដែលមានបំណងចូលប្រកបវិជ្ជាជីវៈមេធាវីគឺអាចដាក់ពាក្យចូលរួមប្រឡងប្រជែង នៅពេលមានសេចក្ដីជូនដំណឹង ហើយសូមមានជំនឿចិត្តថា « ចេះគឺជាប់ » ។ លោកប្រធានគណៈមេធាវី បានបន្ថែមថា ក្នុងនាមជានិស្សិតច្បាប់ ទោះបីមិនទាន់បានបញ្ចប់វគ្គសិក្សាក្តី គប្បីតាមដានបច្ចុប្បន្នភាពព័ត៌មានរបស់ក្រសួងស្ថាប័ននានាចេញផ្សាយ ក្នុងនោះមានព្រឹត្តិការណ៍​ពាក់ព័ន្ធការអនុវត្តច្បាប់ និងការជូនដំណឹងពីការប្រលងចូលធ្វើជាមន្ត្រីរាជការ អ្នកវិជ្ជាជីវៈផ្សេងៗ ជាដើម ដែលសុទ្ធសឹងតែជាព័ត៌មានមានអត្ថប្រយោជន៍ ៕

D1 474624970 1134585348460685 3083631569409703838 n

D2 474466240 1134588155127071 470934070742407837 n

D5 474472951 1134588385127048 6745950931932917432 n

D4 474465733 1134588228460397 3839529590713318892 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top