លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី១ នៅគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី១ នៅគណៈមេធាវី
នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី១ របស់គណៈមេធាវី ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលចំនួន ១៧៥ នាក់។ វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីនេះ ជាវគ្គបណ្តុះបណ្តាលថ្មីមួយ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដោយសិក្ខាកាមត្រូវទទួលការបណ្តុះបណ្តាលចំនួន ៦០ម៉ោង លើមុខវិជ្ជាពាក់ព័ន្ធចំនួន បួនគឺ មុខវិជ្ជាពាក់ព័ន្ធនឹងវិធានវិជ្ជាជីវៈមេធាវី មុខវិជ្ជាពាក់ព័ន្ធនឹងរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ មុខវិជ្ជាពាក់ព័ន្ធនឹងការធ្វើសេចក្តីព្រាងកិច្ចសន្យា និងលិខិតរដ្ឋបាល និងមុខវិជ្ជាពាក់ព័ន្ធនឹងសំណេរស្រាវជ្រាវផ្នែកច្បាប់ ក្នុងគោលបំណងជួយពង្រីក និងពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងផ្តល់ឱកាសការងារដល់បុគ្គលទាំងឡាយណាដែលមានបំណងបំពេញការងារជាជំនួយការមេធាវី ស្របតាមគោលនយោបាយដឹកនាំរបស់ប្រធានគណៈមេធាវី គឺ «ពង្រឹង និងពង្រីកយន្តការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមេធាវី ស្របតាមការអភិវឌ្ឍន៍នៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា» ដែលជាគោលនយោបាយមួយក្នុងចំណោមគោល នយោបាយទាំង៩ចំណុច ដែលប្រធានគណៈមេធាវីបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១៥នេះ ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានសម្រិតសម្រាំងអ្នកបណ្តុះបណ្តាលប្រកបដោយគុណភាព ពោលគឺជាសាស្ត្រាចារ្យច្បាប់ដែលមានចំណេះ ជំនាញ និងបទពិសោធន៍ច្បាស់លាស់ មកធ្វើការចែករំលែកជូនដល់សិក្ខាកាម សំដៅធ្វើយ៉ាងណាធានាឱ្យបានប្រសិទ្ធផលជាអតិបរមាពីការចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ក្នុងឳកាសoនោះលោកប្រធានគណៈមេធាវី បានថ្លែងផ្តាំផ្ញើ និងលើកទឹកចិត្តថាឱ្យ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី១ នេះ ត្រូវចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល ជាពិសេសគោរពឱ្យបាននូវបទវិន័យនៃវគ្គបណ្តុះបណ្តាល ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងនាពេលអនាគត។ គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនិងមានការប្រឡងបញ្ចប់វគ្គ ដោយសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលសិក្ខាកាមអាចយកទៅប្រើប្រាស់សម្រាប់ការដាក់ពាក្យស្នើសុំការប្រកបវិជ្ជាជីវៈមេធាវី ដើម្បីបញ្ជាក់ថាបេក្ខជនពិតជាបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញជំនួយការមេធាវីពីគណៈមេធាវី ។