លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានទទួលលិខិតផ្លូវការពីគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌ (គ.ដ.ល) បានចាត់តាំងលោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ឱ្យដឹកនាំគណៈប្រតិភូគណៈមេធាវី...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានទទួលលិខិតផ្លូវការពីគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌ (គ.ដ.ល) បានចាត់តាំងលោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ឱ្យដឹកនាំគណៈប្រតិភូគណៈមេធាវី (លោកមេធាវី អ៊ីវ ប៉ូលី លោកមេធាវី ម៉ម ចាន់ណែត លោកមេធាវី ងួន បញ្ញា និងលោកមេធាវី គីម សុជាតិ) ក្នុងនាមជាតំណាងឱ្យគណៈមេធាវី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពី «ការដោះលែងដោយមានលក្ខខណ្ឌ» នៅក្រសួងយុត្តិធម៌។
នាព្រឹក ថ្ងៃពុធ ១៥ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកមធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ឱ្យដឹកនាំគណៈប្រតិភូគណៈមេធាវី (លោកមេធាវី អ៊ីវ ប៉ូលី លោកមេធាវី ម៉ម ចាន់ណែត លោកមេធាវី ងួន បញ្ញា និងលោកមេធាវី គីម សុជាតិ) ក្នុងនាមជាតំណាងឱ្យគណៈមេធាវី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពី «ការដោះលែងដោយមានលក្ខខណ្ឌ» នៅក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» និងស្តាប់ឆន្ទៈរបស់តួអង្គពាក់ព័ន្ធក្នុងការធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើង និងកាន់តែទូលាយនូវវិធានគាំពារសិទ្ធិទណ្ឌិត តាមរយៈយន្តការរបស់ គ.ដ.ល។ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធាន គ.ដ.ល និងជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ផ្អែកតាមច្បាប់ បទដ្ឋានគតិយុត្តជាធរមាន ស្ថានភាពជាក់ស្តែង និងយន្តការដែលមានស្រាប់ មេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការជួយដល់ដំណើរការ និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ឱ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតបន្ថែមទៀត តាមរយៈការជួយផ្សព្វផ្សាយ ការបណ្តុះបណ្តាល ក៏ដូចជាប្រាប់សិទ្ធិដែលច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានបានផ្តល់ជូនទណ្ឌិត ក្នុងការអនុវត្តសិទ្ធិដាក់ពាក្យសុំដោះលែងដោយមានលក្ខខណ្ឌ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយព្រហ្មទណ្ឌ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ លើកទឹកចិត្តទណ្ឌិតដែលចេះកែប្រែខ្លួន មានកិរិយាមាយាទល្អ ឱ្យអាចចូលទៅក្នុងសង្គមវិញបាន ក្លាយជាពលរដ្ឋល្អ មានជំនាញវិជ្ជាជីវៈ ហើយមិនមានការប្រព្រឹត្តខុសច្បាប់ជាបន្តទៀត។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ គណៈប្រតិភូគណៈមេធាវីបានចូលរួមផ្តល់យោបល់ និងធាតុចូលបន្ថែម ដល់ គ.ដ.ល ក្នុងគោលបំណងគាំទ្រយន្តការ និងនីតិវិធីនេះឱ្យកាន់តែមានវឌ្ឍនភាព និងប្រសិទ្ធភាព តាមរយៈការទទួលយកកិច្ចសហការនានាក្នុងការបណ្តុះបណ្តាល ការផ្សព្វផ្សាយបន្ត ការធ្វើសិក្ខាសាលា ការគាំទ្រផ្សេងៗ ហើយចំពោះសំណូមពររបស់ គ.ដ.ល ដែលបានស្នើមកគណៈមេធាវី គឺគណៈមេធាវី រៀបចំក្រុមការងារបច្ចេកទេស ដើម្បីសហការឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀតជាមួយ គ.ដ.ល។ ប្រតិភូគណៈមេធាវី បានបញ្ជាក់ឆន្ទៈយ៉ាងច្បាស់លាស់ថា គណៈមេធាវីមានក្តីសប្បាយរីករាយក្នុងការធ្វើជាដៃគូជាមួយ គ.ដ.ល និងសំដែងនូវការអរគុណចំពោះការជ្រោមជ្រែងនានារបស់ក្រសួងយុត្តិធម៌នាពេលកន្លងមក ហើយរីករាយក្នុងការពង្រឹង និងពង្រីកកិច្ចសហការជាមួយ គ.ដ.ល និងគាំទ្រយុទ្ធនាការនានារបស់ក្រសួងយុត្តិធម៌ ដែលជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់វិស័យយុត្តិធម៌។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070