លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី
នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី ដឹកនាំដោយលោកស្រី Delcy Lagones de Anglim LLB ស្ថាបនិក និងជានាយិកាប្រតិបត្តិមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងក្រុមការងារនៃមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី ។ គោលបំណងកិច្ចពិភាក្សានេះ គឺចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងចែករំលែកបទពិសោធន៍ក្នុងការបណ្តុះបណ្តាលសន្ធានកម្ម (Mediation) និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) ។ ដោយលោកស្រីបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អង្គការសហប្រជាជាតិអនុម័តលើអនុសញ្ញាអន្តរជាតិស្តីពី ការព្រមព្រៀងដោះស្រាយវិវាទតាមការសម្របសម្រួល (United Nations Convention on International Settlement Agreements Resulting from Mediations – UNCISARM) វាជាយន្តការថ្មីមួយក្នុងការសម្របសម្រួលដល់ការដោះស្រាយវិវាទបានលឿនឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ថ្លែងក្នុងការចាប់ផ្តើមការសម្តែងគួរសមនេះ លោកស្រី Delcy Lagones de Anglim LLB បានរៀបរាប់ពីគោលដៅរបស់មជ្ឈមណ្ឌល គឺចង់ធ្វើឱ្យប្រសើរឡើងនូវសន្ធានកម្ម (Mediation) និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) ជាពិសេស មជ្ឈមណ្ឌលចង់សិក្សាស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ។ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកយ៉ាងខ្លាំងលើការអនុវត្តច្បាប់ឱ្យមានភាពត្រឹមត្រូវយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងនោះរាជរដ្ឋាភិបាលបាលបង្កើតនៅយន្តការថ្មីមួយគឺ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលជាយន្តការថ្មីមួយរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើការសម្របសម្រួល ដោះស្រាយវិវាទរបស់គូភាគីឱ្យបានលឿនឆាប់រហ័ស ដោយមិនចាំបាច់ប្តឹងទៅស្ថាប័នតុលាការ ។ ជាការឆ្លើយតប លោកប្រធានគណៈមេធាវី បានថ្លែងទៅកាន់លោកស្រី Delcy Lagones de Anglim LLB ព្រមទាំងក្រុមការងារមជ្ឈមណ្ឌល ក្នុងការមកសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីសន្ធានកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោកប្រធានបានលើកឡើងថាប្រទេសកម្ពុជាកំពុងពង្រឹងប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា លោកប្រធានគណៈមេធាវី និងលោកស្រី Delcy Lagones de Anglim LLB បានព្រមព្រៀងឱ្យក្រុមការងារពិនិត្យ សិក្សានិងរៀបចំអនុស្សរណៈយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់មេធាវីនូវជំនាញសន្ធានកម្មដែលជាយន្តការមួយថ្មីក្នុងបរិបទថ្មី និងចែករំលែកនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។