លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជំនាញជំនួយការមេធាវីដល់សិក្ខាកាមវគ្គ១
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជំនាញជំនួយការមេធាវីដល់សិក្ខាកាមវគ្គ១
នារសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជំនាញជំនួយការមេធាវីដល់សិក្ខាកាមវគ្គ១ ចំនួន១៧៧ រូប នៅទីស្នាក់ការគណៈមេធាវី ដែលមានការអញ្ជើញចូលពី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមនៃវគ្គជំនាញជំនួយការមេធាវីវគ្គទី១ទាំងអស់ផងដែរ ។
លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានឡើងធ្វើរបាយការណ៍សង្ខេប ពីសកម្មភាពនៃការបណ្តុះបណ្តាលជំនាញជំនួយការមេធាវី របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជូនដល់អង្គពិធី ។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានមានមតិកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងដំណើរការនៃការបណ្តុះបណ្តាលជំនាញជំនួយការមេធាវីវគ្គ១ ឱ្យប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ គួរជាទីមោទនៈ ។ ជាមួយគ្នានោះ លោកប្រធានបានចូលរួមអបអរសាទរ ជាមួយសិក្ខាកាមទាំង១៧៧រូប ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី សម្រាប់វគ្គ១ ប្រកបដោយជោគជ័យ ។ លោកប្រធានបន្ថែមថា ការបង្កើតវគ្គជំនាញជំនួយការមេធាវីនេះឡើង គឺជាសមិទ្ធផលនៃទិសដៅការងាររបស់លោកប្រធាន ដែលបានដាក់ចេញ នាពេលចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កន្លងមក ពោលគឺផែនការសកម្មភាពអាទិភាពទី១ នៃទិសដៅការងារទី២ នៃគោលនយោបាយដឹកនាំចំនួន៩ចំនុច របស់លោកប្រធាន គឺ “ការពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិៈមេធាវី ក្រមសីលធម៌ និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី” ត្រូវបានអនុវត្តដោយជោគជ័យ ។
ជាទីបញ្ចប់ មុនពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជ័យលាភី លោកប្រធាន បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីទាំងអស់ សូមយកចំណេះជំនាញ ដែលបានសិក្សារៀនសូត្រ នាកាលកន្លងមក ទៅប្រើឱ្យចំគោលដៅ និងគោលបំណង ធ្វើយ៉ាងណាយកទៅជួយដល់ការងាររបស់មេធាវីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕