ថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមេធាវី  និងមេធាវីកម្មសិក្សាទាំងអស់ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១  គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមេធាវី  និងមេធាវីកម្មសិក្សាទាំង

អស់ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកទទួលបន្ទុកចាក់វ៉ាក់សាំង។

យុទ្ធនាការនេះមានរយៈពេល៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ដោយអ្នកបានមកទទួលចាក់វ៉ាក់សាំង សរុបទាំងអស់មាន ចំនួន ១៨៦៧ នាក់ ដោយក្នុងនោះមាននារីចំនួន ៦៨៥នាក់។ សូមបញ្ជាក់ផងដែរថា  ក្រៅពីមេធាវីនិងមេធាវីកម្មសិក្សាដែលត្រូវបានទទួលការ ចាក់វ៉ាក់សាំង គណៈមេធាវីក៏បានផ្តល់ទីតាំងនិងអនុញ្ញាតឱ្យបងប្អូនមកពីសភា មុខរបរនិងមីក្រូសហគ្រាសកម្ពុជា  សមាគមន៍ រួមគ្នាដើម្បីអភិវឌ្ឍន៍ADP និង ក្រុមហ៊ុនP-Trust មកទទួលការចាក់វ៉ាក់សាំងនេះនៅគណ:មេធាវីផងដែរ  តាមការស្នើសុំរបស់អ្នកសម្របសម្រួលនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស។

ការចាក់វ៉ាក់សាំងនេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់​ក្រសួង​សុខាភិបាល ដោយអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ការវាស់កម្តៅ ការវាស់សម្ពាធឈាម ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ការចុះទិន្នន័យ  ទីតាំងប្រកបដោយអនាម័យ និងការសម្លាប់មេរោគ។ ល។ ជាពិសេស  គឺអនុវត្តតាមវិធានការ ៣ កុំ  ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ  តំណាងក្រសួងសុខាភិបាលតែងតែមកត្រួតពិនិត្យជាប្រចាំនៅទីតាំងចាក់វ៉ាក់សាំងនេះ។

នៅក្នុងឱកាសនេះ  ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យមានយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏ដូចជាចំពោះមេធាវី ហើយឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល  គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារទាំងអស់ ដែលបាន​ចំណាយពេលវេលា និងលះបង់កំលាំងកាយចិត្ត មកជួយចាក់វ៉ាក់សាំង​ជូនមេធាវី មេធាវីកម្មសិក្សា និងបុគ្គលិកគណៈមេធាវីដោយ​ក្តីរីករាយ  ហើយ​ឯកឧត្តមក៏បាន​ជូនកម្រងបាច់ផ្កាជូនតំណាងក្រុម​គ្រូពេទ្យស្ម័គ្រសម្តេច​ពិជ័យ​សេនា ដើម្បីទុក​ជា​អនុស្សាវរិយ៍ ហើយឯកឧត្តមក៏សង្ឃឹមថាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​នេះនឹងបន្តមាន​វត្តមានចូលរួមចាក់វ៉ាក់សាំងជូនមេធាវី  និងមេធាវីកម្មសិក្សានៅដំណាក់កាលទី២​បន្តទៀត។

ជាចុងក្រោយឯកឧត្តមប្រធាន  សូមថ្លែងអំណរគុណជូនចំពោះសហភាតាទាំងអស់​ដែលបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងតាមការអំពាវនាវ ហើយសូមសហភា​តាទាំងអស់រង់ចាំការជូនដំណឹងរបស់គណមេធាវីអំពីការចាក់វ៉ាក់សាំងនៅដំណាក់កាលទី២បន្តទៀត។

នៅពេលបញ្ចប់យុទ្ធនាការនេះ  តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី  និងក្រុមការងារគណៈមេធាវីទាំងអស់  ដែលបង្កលក្ខណៈ​ងាយស្រួល  និងទទួលយ៉ាងរ៉ាក់ទាក់ដល់ក្រុមគ្រូពេទ្យទាំងអស់  ហើយក៏បានវាយ​តម្លៃខ្ពស់ដល់ការរៀបចំទីតាំងសម្រាប់យុទ្ធនាការនេះផងដែរ។

day8

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top