លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកមេធាវី Wissam Mghazil ប្រធានសមាគមមេធាវីនិងអ្នកច្បាប់បារាំងកម្ពុជា (AFCAJ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកមេធាវី Wissam Mghazil ប្រធានសមាគមមេធាវីនិងអ្នកច្បាប់បារាំងកម្ពុជា (AFCAJ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នាព្រឹក ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកមេធាវី Wissam Mghazil ប្រធានសមាគមមេធាវីនិងអ្នកច្បាប់បារាំងកម្ពុជា(AFCAJ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងច្បាប់ តាមរយៈការរៀបចំសិក្ខាសាលារួមគ្នា ឬការសរសេរអត្ថបទស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យច្បាប់។ ជាការឆ្លើយតប លោកប្រធានបានសម្តែងនូវការស្វាគមន៍ ចំពោះប្រតិភូនៃសមាគម AFCAJ ដែលបានអញ្ជើញមកដល់គណៈមេធាវី និងបានជម្រាបជូនលោកមេធាវី Wissam Mghazil អំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនានា ដែលធ្លាប់មានរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈមេធាវីនានានៃប្រទេសបារាំង ដូចជា ទំនាក់ទំនងជាមួយនឹងគណៈមេធាវីនៃទីក្រុងលីយ៉ុង គណៈមេធាវីនៃទីក្រុងម៉ាសីយ៍ ជាដើម។ លោកប្រធានសមាគមមេធាវីនិងអ្នកច្បាប់បារាំងកម្ពុជា (AFCAJ) បានសម្តែងអំណរគុណចំពោះលោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងស្វែងយល់ពីស្ថាប័នគណៈមេធាវី។ គួរបញ្ជាក់ផងដែរថា សមាគមមេធាវី និង អ្នកច្បាប់បារាំងកម្ពុជា(AFCAJ) ដែលជាសមាគមបង្កើតឡើងនៅទីក្រុងប៉ារីស ចុះបញ្ជីនៅប្រទេសបារាំងកាលពីឆ្នាំ២០២២ ដើម្បីបង្កើតជាបណ្តាញមួយដើម្បីចងភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកច្បាប់ និង មេធាវីរវាងប្រទេសបារាំង និង ប្រទេសកម្ពុជា ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍ និង លើកកម្ពស់វិជ្ជាជីវៈមេធាវី និងអ្នកច្បាប់ដែលកំពុងប្រកបវិជ្ជាជីវៈនៅក្នុងប្រទេសទាំងពីរ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070