កិច្ចប្រជុំអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាត លើកទី៣០
កិច្ចប្រជុំអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាត លើកទី៣០
នារសៀល ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាត លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការគណៈមេធាវី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១.កំណត់ផែនការសកម្មភាពដែលត្រូវរៀបចំសម្រាប់មហាសន្និបាតលើកទី៣០ ២.ផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាត លើកទី៣០ និង ៣.ការលើកឡើងនូវមតិយោបល់ផ្សេងពីនាយកដ្ឋានជំនាញ ដើម្បីជម្រុញឱ្យដំណើរការរៀបចំប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ជាលទ្ធផល អង្គប្រជុំបានសម្រេចដាក់ចេញនូវចង្កោមសកម្មភាពចំនួន២៧ចំណុច ដែលនាយកដ្ឋាននីមួយៗត្រូវទទួលបន្ទុកក្នុងដំណើរការរៀបចំមហាសន្និបាតលើកទី៣០នេះ ដោយបានកំណត់នូវកាលបរិច្ឆេទសំខាន់ៗនៃការអនុវត្តផែនការមួយចំនួនផងដែរ ដើម្បីធានាឱ្យបាននូវលទ្ធផលការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។